នាថ្ងៃពុធ ទី២១ ខែតុលា ឆ្នាំ២០២៦ នៅទីក្រុងម៉ានីល សាធារណរដ្ឋហ្វីលីពីន ក្នុងឱកាសចូលរួមកិច្ចប្រជុំលើកទី១១ នៃបណ្ដាញអាស៊ាន–OECD ស្តីពីការអនុវត្តបទប្បញ្ញត្តិល្អ (11th Meeting of the ASEAN–OECD Good Regulatory Practice Network – GRPN) ឯកឧត្តម លី ច័ន្ទតុលា រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី អនុប្រធាន និងជាអគ្គលេខាធិការនៃគណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ (គ.ក.ច.) អមដោយអ្នកជំនាញការច្បាប់នៃអគ្គលេខាធិការដ្ឋាន គ.ក.ច. បានអញ្ជើញជួបពិភាក្សាការងារទ្វេភាគីជាមួយតំណាងលេខាធិការដ្ឋាននៃអង្គការសហប្រតិបត្តិការ និងអភិវឌ្ឍន៍សេដ្ឋកិច្ច (Organisation for Economic Co-operation and Development – OECD) ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការលើការកែទម្រង់ច្បាប់ និងបទប្បញ្ញត្តិ។
ភាគី OECD ដឹកនាំដោយលោក Daniel Trnka ប្រធានទទួលបន្ទុកកិច្ចសហប្រតិបត្តិការជាមួយតំបន់អាស៊ីអាគ្នេយ៍ និងជាប្រធានផ្នែករចនា និងប្រសិទ្ធភាពបទប្បញ្ញត្តិ នៃអង្គភាពគោលនយោបាយបទប្បញ្ញត្តិរបស់ OECD ព្រមទាំងមានការចូលរួមពីលោក James Drummond លោកស្រី Ramisa Huq និងលោកស្រី Sara Dias ដែលជាអ្នកវិភាគគោលនយោបាយនៃអង្គភាពគោលនយោបាយបទប្បញ្ញត្តិរបស់ OECD។
កិច្ចជំនួបនេះបានផ្តល់ឱកាសដល់ភាគីទាំងពីរក្នុងការផ្លាស់ប្តូរទស្សនៈ និងបទពិសោធពាក់ព័ន្ធនឹងការកែទម្រង់ច្បាប់ និងបទប្បញ្ញត្តិ ការលើកកម្ពស់គុណភាពបទប្បញ្ញត្តិ ការកាត់បន្ថយបន្ទុកបទប្បញ្ញត្តិ និងការស្វែងយល់ពីឧត្តមានុវត្តន៍អន្តរជាតិ ដែលអាចយកមកពិចារណាឱ្យសមស្របទៅនឹងបរិបទនៃការកែទម្រង់ច្បាប់នៅកម្ពុជា។
ជាមួយគ្នានេះ ភាគីទាំងពីរក៏បានពិភាក្សាអំពីឱកាសក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការរវាង គ.ក.ច. និង OECD ជាពិសេសលើការផ្លាស់ប្តូរចំណេះដឹង និងបទពិសោធ ការគាំទ្រផ្នែកបច្ចេកទេស និងការអភិវឌ្ឍសមត្ថភាពស្ថាប័ន ដើម្បីរួមចំណែកគាំទ្រដល់ការអនុវត្តកម្មវិធីកែទម្រង់ច្បាប់របស់រាជរដ្ឋាភិបាលកម្ពុជា។