គណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ The Legal Reform Committee

ឯកឧត្តម លី ច័ន្ទតុលា ជួបពិភាក្សាការងារទ្វេភាគីជាមួយអាជ្ញាធរកាត់បន្ថយនីតិវិធីរដ្ឋបាលស្មុគស្មាញ (ARTA) នៃសាធារណរដ្ឋហ្វីលីពីន។

នាថ្ងៃត្រង់ ថ្ងៃពុធ ទី២១ ខែតុលា ឆ្នាំ២០២៦ នៅទីក្រុងម៉ានីល សាធារណរដ្ឋហ្វីលីពីន ក្នុងឱកាសចូលរួមកិច្ចប្រជុំលើកទី១១ នៃបណ្ដាញអាស៊ាន–OECD ស្តីពីការអនុវត្តបទប្បញ្ញត្តិល្អ (GRPN) ឯកឧត្តម លី ច័ន្ទតុលា រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី អនុប្រធាន និងជាអគ្គលេខាធិការនៃគណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ (គ.ក.ច.) អមដោយអ្នកជំនាញការច្បាប់នៃអគ្គលេខាធិការដ្ឋាន គ.ក.ច. និងមានការចូលរួមដោយថ្នាក់ដឹកនាំអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ បានជួបពិភាក្សាការងារទ្វេភាគីជាមួយតំណាងអាជ្ញាធរកាត់បន្ថយនីតិវិធីរដ្ឋបាលស្មុគស្មាញ (Anti-Red Tape Authority – ARTA) នៃសាធារណរដ្ឋហ្វីលីពីន។
កិច្ចជំនួបនេះផ្តោតលើការផ្លាស់ប្តូរបទពិសោធពាក់ព័ន្ធនឹងការកែទម្រង់បទប្បញ្ញត្តិ ការកាត់បន្ថយភាពស្មុគស្មាញនៃនីតិវិធីរដ្ឋបាល ពង្រឹងសមត្ថភាពស្ថាប័ន និងការលើកកម្ពស់ប្រសិទ្ធភាពនៃការអនុវត្តបទប្បញ្ញត្តិល្អ ព្រមទាំងការស្វែងយល់ពីបទពិសោធរបស់សាធារណរដ្ឋហ្វីលីពីនក្នុងការកែលម្អបរិយាកាសបទប្បញ្ញត្តិ និងការផ្តល់សេវាសាធារណៈ។
កិច្ចពិភាក្សានេះក៏ជាឱកាសក្នុងការពង្រឹងទំនាក់ទំនងរវាង គ.ក.ច. និង ARTA ព្រមទាំងស្វែងរកលទ្ធភាពនៃកិច្ចសហប្រតិបត្តិការបច្ចេកទេស និងការផ្លាស់ប្តូរចំណេះដឹង ដែលអាចផ្តល់ជាធាតុចូលដល់ការកែទម្រង់ច្បាប់ និងបទប្បញ្ញត្តិនៅកម្ពុជា។