នៅថ្ងៃសៅរ៍ ៨ រោច ខែស្រាពណ៍ ឆ្នាំមមី ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី និងជាប្រធានក្រុមប្រឹក្សាអ្នកច្បាប់ និងប្រធានគណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ បានចាត់ឯកឧត្តម លី ច័ន្ទតុលា រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី អនុប្រធាន និងជាអគ្គលេខាធិការ គ.ក.ច. ដឹកនាំគណៈប្រតិភូចូលសួរសុខទុក្ខឯកឧត្តមបណ្ឌិត សាយ បូរី ទីប្រឹក្សារាជរដ្ឋាភិបាល ដែលកំពុងសម្រាកព្យាបាលជំងឺនៅមន្ទីរពេទ្យកាល់ម៉ែត។
ក្នុងឱកាសនោះ ឯកឧត្តម លី ច័ន្ទតុលា បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខ សេចក្តីនឹករលឹក និងការជូនពររបស់ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ ជូនចំពោះឯកឧត្តមបណ្ឌិត សាយ បូរី សូមឱ្យឆាប់បានជាសះស្បើយពីជំងឺ និងមានសុខភាពល្អបរិបូរណ៍ឡើងវិញ។ ជាមួយគ្នានេះ គណៈប្រតិភូក៏បានសាកសួរអំពីស្ថានភាពសុខភាព ផ្តល់កម្លាំងចិត្ត និងបួងសួងសូមឱ្យឯកឧត្តមបណ្ឌិតឆាប់បានជាសះស្បើយផងដែរ។