នាថ្ងៃសុក្រ ទី២៣ ខែតុលា ឆ្នាំ២០២៦ នៅទីក្រុងម៉ានីល សាធារណរដ្ឋហ្វីលីពីន ក្នុងឱកាសចូលរួមកិច្ចប្រជុំលើកទី១១ នៃបណ្ដាញអាស៊ាន–អង្គការសហប្រតិបត្តិការ និងអភិវឌ្ឍន៍សេដ្ឋកិច្ច ស្តីពីការអនុវត្តបទប្បញ្ញត្តិល្អ (11th Meeting of the ASEAN–OECD Good Regulatory Practice Network – GRPN) ឯកឧត្តម លី ច័ន្ទតុលា រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី អនុប្រធាន និងជាអគ្គលេខាធិការនៃគណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ (គ.ក.ច.) អមដោយអ្នកជំនាញការច្បាប់នៃអគ្គលេខាធិការដ្ឋាន គ.ក.ច. បានអញ្ជើញជួបពិភាក្សាការងារទ្វេភាគីជាមួយតំណាងកម្មវិធីសមាហរណកម្មសេដ្ឋកិច្ចអាស៊ាន–ចក្រភពអង់គ្លេស (ASEAN–UK Economic Integration Programme – EIP) ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការលើការកែទម្រង់ច្បាប់ និងបទប្បញ្ញត្តិ។
ភាគី EIP ដឹកនាំដោយលោកស្រី Zoe Dayan ទីប្រឹក្សាជាន់ខ្ពស់ទទួលបន្ទុកការកែទម្រង់បទប្បញ្ញត្តិ (Senior Regulatory Reform Attaché) នៃបេសកកម្មចក្រភពអង់គ្លេសប្រចាំអាស៊ាន ក្រោមកម្មវិធីសមាហរណកម្មសេដ្ឋកិច្ចអាស៊ាន–ចក្រភពអង់គ្លេស។
កិច្ចជំនួបនេះបានផ្តោតលើការពិភាក្សាអំពីអាទិភាពនៃការកែទម្រង់បទប្បញ្ញត្តិនៅកម្ពុជា ជាពិសេសការកែលម្អក្របខ័ណ្ឌវាយតម្លៃផលប៉ះពាល់បទប្បញ្ញត្តិ (Regulatory Impact Assessment – RIA) ការរៀបចំគោលនយោបាយជាតិស្តីពីការអនុវត្តបទប្បញ្ញត្តិល្អ (Good Regulatory Practices – GRP) ការពិនិត្យឡើងវិញ និងការធ្វើសាមញ្ញកម្មបទប្បញ្ញត្តិដែលមានស្រាប់ ព្រមទាំងការសិក្សាស្វែងយល់ពីលទ្ធភាពនៃការអភិវឌ្ឍប្រព័ន្ធគ្រប់គ្រងបទប្បញ្ញត្តិតាមប្រព័ន្ធឌីជីថល។
ជាមួយគ្នានេះ កិច្ចពិភាក្សាក៏បានផ្តល់ឱកាសដល់ភាគីទាំងពីរក្នុងការផ្លាស់ប្តូរចំណេះដឹង និងបទពិសោធអំពីការកែទម្រង់បទប្បញ្ញត្តិនៅតាមបណ្ដាប្រទេសសមាជិកអាស៊ាន ការស្វែងរកលទ្ធភាពទទួលបានការគាំទ្រផ្នែកបច្ចេកទេស និងការកសាងសមត្ថភាពពីកម្មវិធី EIP ព្រមទាំងការពិភាក្សាអំពីលទ្ធភាពរៀបចំក្របខ័ណ្ឌការងារដោយឡែកសម្រាប់កម្ពុជា (Cambodia Workstream) ដើម្បីគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជាក្នុងការកែទម្រង់ច្បាប់ និងបទប្បញ្ញត្តិ។