គណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ The Legal Reform Committee

ឯកឧត្តម លី ច័ន្ទតុលា រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី អនុប្រធាន និងជាអគ្គលេខាធិការនៃគណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ (គ.ក.ច.) បានចាត់តាំងលោកស្រី ឡេង ចាន់ភួង និងលោក មាឃ សីហា អ្នកជំនាញការច្បាប់នៃគណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ (គ.ក.ច.) ចូលរួមទស្សនកិច្ចសិក្សា និងជួបពិភាក្សាស្តីពីការរៀបចំក្រមរដ្ឋបាលកម្ពុជា ជាមួយអគ្គលេខាធិការដ្ឋានរដ្ឋាភិបាលនៃសាធារណរដ្ឋបារាំង និងតុលាការរដ្ឋបាលនៃទីក្រុងប៉ារីស។

នាព្រឹកថ្ងៃព្រហស្បតិ៍ ៦កើត ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៦ សាធារណរដ្ឋបារាំង ឯកឧត្តម លី ច័ន្ទតុលា រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី អនុប្រធាន និងជាអគ្គលេខាធិការនៃគណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ (គ.ក.ច.) បានចាត់តាំង លោកស្រី ឡេង ចាន់ភួង និងលោក មាឃ សីហា អ្នកជំនាញការច្បាប់នៃគណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ (គ.ក.ច.) ចូលរួមកិច្ចពិភាក្សាជាមួយលោកស្រី Laurence Marion, អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានរដ្ឋាភិបាលនៃសាធារណរដ្ឋបារាំង និងលោកស្រី Corinne Ledamoisel ប្រធានតុលាការរដ្ឋបាលនៃទីក្រុងប៉ារីស។ ទស្សនកិច្ចសិក្សា និងកិច្ចពិភាក្សានេះ ដឹកនាំដោយ ឯកឧត្តមបណ្ឌិត ស៊ា ម៉ៅ រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី អនុប្រធាន គ.ក.ច. និងជាសហប្រធានក្រុមការងារបច្ចេកទេសរៀបចំក្រមរដ្ឋបាល និងឯកឧត្តមបណ្ឌិត ហ៊ែល ចំរើន រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ សមាជិក គ.ក.ច.និងជាសហប្រធានក្រុមការងារបច្ចេកទេសរៀបចំក្រមរដ្ឋបាល។ កិច្ចពិភាក្សាជាមួយស្ថាប័នទាំងពីរនេះ ទទួលបានការធ្វើបទបង្ហាញ និងចែករំលែកទាំងទិដ្ឋភាពទូទៅ និងទិដ្ឋភាពបច្ចេកទេសពាក់ព័ន្ធនឹងរដ្ឋបាលរបស់រដ្ឋាភិបាលបារាំង ពីប្រធាន អនុប្រធាននាយកដ្ឋាន ផ្នែក តាមមុខងារ តួនាទីភារកិច្ច នៃស្ថាប័នទាំងពីរ។