នាព្រឹកថ្ងៃចន្ទ ៣កើត ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៦ នៅទីស្ដីការគណៈរដ្ឋមន្រ្តី ឯកឧត្តម លី ច័ន្ទតុលា រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី អនុប្រធាន និងជាអគ្គលេខាធិការនៃគណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ (គ.ក.ច.) បានចាត់តាំងលោក ច័ន្ទតារា រ៉ូមែន អ្នកជំនាញការច្បាប់នៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ (គ.ក.ច.) អញ្ជើញចូលរួមកិច្ចប្រជុំដើម្បីពិនិត្យ និងពិភាក្សាលើសេចក្ដីព្រាងអនុក្រឹត្យស្ដីពីការគ្រប់គ្រងប្រព័ន្ធទិន្នន័យអតីតមន្រ្តីរាជការស៊ីវិល មន្រ្តីពន្ធនាគារ មន្រ្តីនគរបាលជាតិ យោធិននៃកងកម្លាំងយោធពលខេមរភូមិន្ទ និងមន្រ្តីតុលាការដែលត្រូវបានបណ្ដេញចេញពីក្របខ័ណ្ឌ ក្រោមអធិបតីភាពឯកឧត្តម លីវ សុវណ្ណា អនុប្រធាននិងជាប្រធានក្រុមការងារទី៤នៃក្រុមប្រឹក្សាអ្នកច្បាប់ និងឯកឧត្តម នៅ បោនន័រ អនុប្រធានក្រុមប្រឹក្សាសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌។
កិច្ចប្រជុំមានការចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ សមាជិក សមាជិកា ក្រុមប្រឹក្សាអ្នកច្បាប់នៃទីស្តីការគណៈរដ្ឋមន្ត្រី ក្រុមប្រឹក្សាសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ តំណាងក្រសួងមហាផ្ទៃ ក្រសួងយុត្តិធម៍ ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ក្រសួងការពារជាតិ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា តំណាងអគ្គលេខាធិការដ្ឋានគណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ និងភាគីពាក់ព័ន្ធទាំងអស់។