នាថ្ងៃសុក្រ ១៥កើត ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៦ នៅសាធារណរដ្ឋសិង្ហបុរី ឯកឧត្តម លី ច័ន្ទតុលា រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី អនុប្រធាន និងជាអគ្គលេខាធិការគណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ (គ.ក.ច.) បានបញ្ចប់ការចូលរួមក្នុងវគ្គបណ្តុះបណ្តាលលើកទី២ ស្តីពី «Strategic Leadership and Public Governance for Senior Cambodia Officials» ។
វគ្គបណ្តុះបណ្តាលនេះមានការចូលរួមពីថ្នាក់ដឹកនាំជាន់ខ្ពស់កម្ពុជាចំនួន ៣០រូប មកពីក្រសួង និងស្ថាប័នចំនួន ២០ និងបានប្រព្រឹត្តទៅរយៈពេល ៥ថ្ងៃ តាមរយៈបទបង្ហាញ ការផ្លាស់ប្តូរបទពិសោធ និងទស្សនកិច្ចសិក្សា ពាក់ព័ន្ធនឹងវិធីសាស្ត្ររួមរបស់រដ្ឋាភិបាលសិង្ហបុរីក្នុងការជំរុញកំណើនសេដ្ឋកិច្ច ឌីជីថលូបនីយកម្ម និងការគ្រប់គ្រងធនធានមនុស្ស។
ក្នុងឱកាសនេះ ភាគីទាំងពីរក៏បានផ្លាស់ប្តូរយោបល់អំពីការពង្រឹងកិច្ចសហប្រតិបត្តិការបន្ថែមទៀត រួមមានវិស័យថាមពលកកើតឡើងវិញ សន្តិសុខ និងសេដ្ឋកិច្ចឌីជីថល។ កម្មវិធីនេះបានរួមចំណែកពង្រឹងទំនាក់ទំនងរវាងមន្ត្រីរាជការនៃប្រទេសទាំងពីរ និងបន្តលើកកម្ពស់មិត្តភាពដ៏យូរអង្វែងរវាងកម្ពុជា និងសិង្ហបុរី ដែលបានចាប់ផ្តើមតាំងពីឆ្នាំ១៩៦៥។