គណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ The Legal Reform Committee

ឯកឧត្តម លី ច័ន្ទតុលា រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី អនុប្រធាន និងជាអគ្គលេខាធិការនៃគណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ (គ.ក.ច.) បានអញ្ជើញដឹកនាំកិច្ចប្រជុំផ្ទៃក្នុង ដើម្បីពិភាក្សាលើគោលការណ៍​ណែនាំស្តីពីការរៀបចំប្រកាស ប្រកាសអន្តរក្រសួង និងប្រកាសរួម របស់ក្រសួង ស្ថាប័ន។

នារសៀល ថ្ងៃសុក្រ ៩រោច ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៦ នៅទីស្នាក់ការអគ្គលេខាធិការដ្ឋានគណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ ឯកឧត្តម លី ច័ន្ទតុលា រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី អនុប្រធាន និងជាអគ្គលេខាធិការនៃគណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ (គ.ក.ច.) បានអញ្ជើញដឹកនាំដឹកនាំកិច្ចប្រជុំផ្ទៃក្នុង ដើម្បីពិភាក្សាលើគោលការណ៍​ណែនាំស្តីពីការរៀបចំប្រកាស ប្រកាសអន្តរក្រសួង និងប្រកាសរួម របស់ក្រសួង ស្ថាប័ន អមដោយឯកឧត្តម ប៉ែន ប៊ុនឈា អគ្គលេខាធិការរងគណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ និងអ្នកជំនាញការច្បាប់ នៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់។
កិច្ចប្រជុំនេះរៀបចំឡើងក្នុងគោលបំណង បែងចែកក្រុមការងារ សិក្សាប្រមូលធាតុចូលបន្ថែម ដើម្បីរៀបចំគោលការណ៍ណែនាំស្តីពីការរៀបចំប្រកាស ប្រកាសអន្តរក្រសួង និងប្រកាសរួម ឱ្យមានលក្ខណៈគ្រប់ជ្រុងជ្រោយ ដោយប្រតិបត្តិតាមអនុសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី ប្រធានក្រុមប្រឹក្សាអ្នកច្បាប់ និងជាប្រធានគណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ ក្នុងកិច្ចប្រជុំអន្តរក្រសួងចង្អៀត កាលពីព្រឹកថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៦។