គណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ The Legal Reform Committee

ឯកឧត្តម លី ច័ន្ទតុលា រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី អនុប្រធាន និងជាអគ្គលេខាធិការនៃគណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ (គ.ក.ច.) បានចាត់ជំនាញការច្បាប់នៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ អញ្ជើញចូលរួមសិក្ខាសាលារៀបចំផ្ទៀងផ្ទាត់លើសេចក្ដីព្រាងច្បាប់ស្ដីពីកិច្ចការពារទិន្នន័យបុគ្គល។

នាព្រឹក ថ្ងៃពុធ ៧រោច ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៦ នៅសណ្ឋាគារ OAKWOOD PREMIER PHNOM PENH ៖ ឯកឧត្តម លី ច័ន្ទតុលា រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី អនុប្រធាន និងជាអគ្គលេខាធិការនៃគណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ (គ.ក.ច.) បានចាត់ជំនាញការច្បាប់នៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ចំនួន៥នាក់ អញ្ជើញចូលរួមសិក្ខាសាលារៀបចំផ្ទៀងផ្ទាត់លើសេចក្ដីព្រាងច្បាប់ស្ដីពីកិច្ចការពារទិន្នន័យបុគ្គល ក្រោមអធិបតីភាព ឯកឧត្តម IGOR DRIESMANS ឯកអគ្គរដ្ឋទូតនៃស្ថានប្រតិភូសហភាពអ៊ឺរ៉ុបប្រចាំកម្ពុជា (TBC) និងឯកឧត្តម គង់ ផល្លៈ រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍។
សិក្ខាសាលារៀបចំផ្ទៀងផ្ទាត់លើសេចក្ដីព្រាងច្បាប់ស្ដីពីកិច្ចការពារទិន្នន័យបុគ្គល មានគោលបំណងផ្សព្វផ្សាយសេចក្ដីព្រាងច្បាប់ចុងក្រោយដល់ក្រសួង ស្ថាប័ន វិស័យឯកជន និងភាគីពាក់ព័ន្ធដែលបានផ្ដល់ធាតុចូលកន្លងមក។សិក្ខាសាលានេះមានការចូលរួមពី ស្ថានប្រតិភូសហភាពអ៊ឺរ៉ុបប្រចាំកម្ពុជា តំណាងនៃក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ តំណាងក្រុមប្រឹក្សាជាតិភាសាខ្មែរ តំណាងក្រុមប្រឹក្សាអ្នកច្បាប់ តំណាងក្រុមប្រឹក្សាសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ ព្រមទាំងតំណាងអគ្គលេខាធិការដ្ឋានដឹកនាំការកែទម្រង់ច្បាប់ ភាគីពាក់ព័ន្ធជាតិ និងអន្តរជាតិ។