គណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ The Legal Reform Committee

ឯកឧត្តម លី ច័ន្ទតុលា រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី អនុប្រធាន និងជាអគ្គលេខាធិការនៃ គណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ (គ.ក.ច.) បានអញ្ជើញចូលរួមសម័យប្រជុំលើកទី៦ នីតិកាលទី៧ នៃរដ្ឋសភា។


នាព្រឹក ថ្ងៃអង្គារ ១៥រោច ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៦ នៅវិមានរដ្ឋសភា៖ ឯកឧត្តម លី ច័ន្ទតុលា រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី អនុប្រធាន និងជាអគ្គលេខាធិការនៃ គណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ (គ.ក.ច.) បានអញ្ជើញចូលរួមសម័យប្រជុំលើកទី៦ នីតិកាលទី៧ នៃរដ្ឋសភា ក្រោមអធិបតីភាព សម្ដេចមហារដ្ឋសភាធិការធិបតី ឃុន សុដារី។ កិច្ចប្រជុំនេះមានគោលបំណងពិភាក្សា និងអនុម័តលើរបៀបវារៈចំនួន៥៖ ១). ការបោះឆ្នោតផ្ដលសេចក្ដីទុកចិត្តលើការតែងតាំងបំពេញបន្ថែមសមាសភាពនៃរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា ចំនួន១រូប ឯកឧត្តម ប្រាក់ សំអឿន ជាទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកកម្មពិសេស, ២). ការពិភាក្សា និងអនុម័តសេចក្ដីព្រាងច្បាប់ស្ដីពី ការអនុម័តយល់ព្រមឱ្យព្រះរាជាណាចក្រកម្ពុជា ចូលជារដ្ឋភាគីនៃអនុសញ្ញាស្ដីពីប្រាតិភោគជាអន្តរជាតិ ចំពោះឧបករណ៍ចល័តពាក់ព័ន្ធនឹងករណីជាក់លាក់ឧបករណ៍អាកាសយាន, ៣). ការពិភាក្សា និងអនុម័តសេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងក្របខ័ណ្ឌ អាស៊ានស្តីពីកិច្ចសម្រុះសម្រួលទទួលស្គាល់ទៅវិញទៅមក,៤). ការពិភាក្សា និងអនុម័តសេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើកិច្ចសម្រុះសម្រួលទទួល ស្គាល់ទៅវិញទៅមកតាមផ្នែកអាស៊ានសម្រាប់សម្ភារៈអគារ និងសំណង់, ៥). ការពិភាក្សា និងអនុម័តសេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើកិច្ចសម្រុះសម្រួលទទួលស្គាល់ទៅវិញទៅមកអាស៊ានស្ដីពីប្រភេទអនុម័តបញ្ជាក់សម្រាប់ផលិតផលយានយន្ត៕
កិច្ចប្រជុំនេះក៏ មានការចូលរួមពីសំណាក់ សម្ដេច ទ្រង់ ឯកឧត្តម លោកជំទាវ សមាជិក សមាជិកា នៃរដ្ឋសភា និងថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់។