ឯកឧត្តម លី ច័ន្ទតុលា រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី អនុប្រធាន និងជាអគ្គលេខាធិការនៃ គណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ (គ.ក.ច.) បានចាត់តាំង ឯកឧត្តម ប៉ែន ប៊ុនឈា អគ្គលេខាធិការរងគណៈកម្មាធិការដឹកនាំការកែទម្រង់ អញ្ជើញចូលរួមសិក្ខាសាលាផ្សព្វផ្សាយផែនការអនុវត្តរយៈពេល៥ឆ្នាំ ដំណាក់កាលទី២ (២០២៦-២០៣០) នៃកម្មវិធីជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ
នាព្រឹកថ្ងៃសុក្រ ទី២២ ខែឧសភា ឆ្នាំ២០២៦ រាជធានីភ្នំពេញ ឯកឧត្តម លី ច័ន្ទតុលា រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី អនុប្រធាន និងជាអគ្គលេខាធិការនៃ គណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ (គ.ក.ច.) បានចាត់តាំង ឯកឧត្តម ប៉ែន ប៊ុនឈា អគ្គលេខាធិការរងគណៈកម្មាធិការដឹកនាំការកែទម្រង់ អមដោយលោក ម៉ន សុភ័ណ ជំនាញការច្បាប់ (គ.ក.ច.) ចូលរួមសិក្ខាសាលាផ្សព្វផ្សាយផែនការអនុវត្តរយៈពេល៥ឆ្នាំ ដំណាក់កាលទី២ (២០២៦-២០៣០) នៃកម្មវិធីជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ ក្រោមអធិបតីភាពឯកឧត្តម ចាន់ សុធា រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ និងជាប្រធានលេខាធិការដ្ឋាន គ.ជ.អ.ប.។ សិក្ខាសាលានេះ រៀបចំឡើងក្នុងគោលបំណងប្រកាសផ្សព្វផ្សាយ និងដាក់ឱ្យអនុវត្តជាផ្លូវការនូវ “ផែនការអនុវត្តរយៈពេល៥ឆ្នាំ ដំណាក់កាលទី២” ដែលនឹងអនុវត្តពីឆ្នាំ២០២៦ ដល់ឆ្នាំ២០៣០។ ផែនការនេះ ត្រូវបានរៀបចំឡើងដោយផ្អែកលើវឌ្ឍនភាព បញ្ហាប្រឈម មេរៀនបទពិសោធន៍ពីការអនុវត្តផែនការដំណាក់កាលទី១ ការវាយតម្លៃ និងការវិភាគសមត្ថភាពរដ្ឋបាលថ្នាក់ក្រោមជាតិ ព្រមទាំងការសិក្សាវិភាគអំពីបរិបទសេដ្ឋកិច្ច សង្គម នគរូបនីយកម្ម បច្ចេកវិទ្យាឌីជីថល និងហានិភ័យនានា ដើម្បីធានាឱ្យផែនការនេះមានភាពគ្រប់ជ្រុងជ្រោយ ស៊ីសង្វាក់ជាមួយកម្មវិធីជាតិដំណាក់កាលទី២ យុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ កម្មវិធីកំណែទម្រង់សំខាន់ៗរបស់រាជរដ្ឋាភិបាល និងគោលនយោបាយយុទ្ធសាស្ត្រជាតិសំខាន់ៗ។សិក្ខាសាលានេះ មានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ថ្នាក់ដឹកនាំ និងមន្ត្រីមកពីក្រសួងស្ថាប័ន រដ្ឋបាលថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ តំណាងដៃគូអភិវឌ្ឍន៍ និងអង្គការសង្គមស៊ីវិល ដោយផ្ទាល់ប្រមាណ៣០០រូប និងតាមប្រព័ន្ធ Zoom សរុបប្រមាណ៩ពាន់រូប។