នាព្រឹកថ្ងៃអង្គារ ១១រោច ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៦ នៅទីស្ដីការគណៈរដ្ឋមន្រ្តី ឯកឧត្តម លី ច័ន្ទតុលា រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី អនុប្រធាន និងជាអគ្គលេខាធិការនៃគណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ (គ.ក.ច.) បានអញ្ជើញចូលរួមកិច្ចប្រជុំដើម្បីពិនិត្យ និងពិភាក្សាលើសមាសភាពក្រុមការងារក្របខ័ណ្ឌគតិយុត្ត និងស្ថាប័ន និងក្រុមការងារធានាគុណភាពរបាយការណ៍វាយតម្លៃលើផលប៉ះពាល់នៃលិខិតបទដ្ឋានគតិយុត្ត (RIA) នៃគណៈកម្មការដឹកនាំកែទម្រង់(RIA) អមដោយអ្នកជំនាញការច្បាប់ចំនួន ៦រូប នៃអគ្គលេខាធិការដ្ឋាន(គ.ក.ច.) ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ីង ថូរ៉ាក់ស៊ី រដ្ឋលេខាធិការប្រចាំការទីស្ដីការគណៈរដ្ឋមន្ត្រី។
កិច្ចប្រជុំនេះ មានគោលបំណងពិនិត្យ ពិភាក្សានិងប្រមូលធាតុចូលលើសមាសភាពក្រុមការងារក្របខ័ណ្ឌគតិយុត្តនិងស្ថាប័ន និងក្រុមការងារធានាគុណភាពរបាយការណ៍វាយតម្លៃលើផលប៉ះពាល់នៃលិខិតបទដ្ឋានគតិយុត្ត (RIA) នៃគណៈកម្មការដឹកនាំកែទម្រង់(RIA)។
កិច្ចប្រជុំមានការចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ សមាជិក សមាជិកា ក្រុមប្រឹក្សាអ្នកច្បាប់ ក្រុមប្រឹក្សាសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ តំណាងអគ្គលេខាធិការដ្ឋានគណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ និងភាគីពាក់ព័ន្ធទាំងអស់។