គណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ The Legal Reform Committee

ឯកឧត្តម លី ច័ន្ទតុលា រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី អនុប្រធាន និងជាអគ្គលេខាធិការនៃគណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ (គ.ក.ច.) បានអញ្ជើញចូលរួមកិច្ចប្រជុំជាមួយគណៈកម្មការទី៤ និងគណៈកម្មការទី៦ ដើម្បីពិនិត្យសិក្សាលើសេចក្ដីព្រាងច្បាប់ស្ដីពីវិសោធនកម្មច្បាប់ស្ដីពីការគ្រប់គ្រងរដ្ឋបាលឃុំ សង្កាត់។

នាព្រឹកថ្ងៃពុធ ៥រោច ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២៦ នៅវិមានព្រឹទ្ធសភា ឯកឧត្តម លី ច័ន្ទតុលា រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី អនុប្រធាន និងជាអគ្គលេខាធិការនៃគណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ (គ.ក.ច.) បានអញ្ជើញចូលរួមកិច្ចប្រជុំជាមួយគណៈកម្មការទី៤ និងគណៈកម្មការទី៦ ដើម្បីពិនិត្យសិក្សាលើសេចក្ដីព្រាងច្បាប់ស្ដីពីវិសោធនកម្មច្បាប់ស្ដីពីការគ្រប់គ្រងរដ្ឋបាលឃុំ សង្កាត់ ដឹកនាំដោយ ឯកឧត្តមបណ្ឌិត នាង ផាត ប្រធានគណៈកម្មការមហាផ្ទៃ ការពារជាតិ មុខងារសាធារណៈ និងកិច្ចការព្រំដែន សហការជាមួយលោកជំទាវ ចាន់ សុទ្ធាវីប្រធានគណៈកម្មការនីតិកម្ម និងយុត្តិធម៌ និងតំណាងរាជរដ្ឋាភិបាលដឹកនាំដោយ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ។
គោលបំណងនៃកិច្ចប្រជុំ គឺសេចក្តីព្រាងច្បាប់នេះ មានគោលបំណងសំខាន់ៗដូចខាងក្រោម៖ ធានាឱ្យការកំណត់មុខតំណែងថ្នាក់ដឹកនាំរដ្ឋបាលឃុំ សង្កាត់ មានភាពសមស្របជាមួយលទ្ធផលនៃ ការបោះឆ្នោតស្របនឹងឆន្ទៈរបស់ប្រជាពលរដ្ឋដែលជាម្ចាស់ឆ្នោត និងគោលការណ៍លទ្ធិប្រជាធិបតេយ្យពង្រឹងប្រសិទ្ធភាពនៃការដឹកនាំនិងគ្រប់គ្រងរដ្ឋបាលឃុំ សង្កាត់ ធានាឱ្យមានឯកភាពនិងភាពស៊ីសង្វាក់គ្នាក្នុងការអនុវត្តការងាររដ្ឋបាលនៅថ្នាក់មូលដ្ឋាន លើកកម្ពស់ការទទួលខុសត្រូវនិងភាពម្ចាស់ការរបស់ថ្នាក់ដឹកនាំរដ្ឋបាលឃុំ សង្កាត់ គាំទ្រដល់ការអនុវត្តកម្មវិធីកែទម្រង់វិមជ្ឈការនិង វិសហមជ្ឈការ ឱ្យកាន់តែមានប្រសិទ្ធភាព។
កិច្ចប្រជុំនេះមានការចូលរួមពី ឯកឧត្តម លោកជំទាវ ជាប្រធាន អនុប្រធាន សមាជិក សមាជិកា ថ្នាក់ដឹកនាំ គណៈកម្មការមហាផ្ទៃ ការពារជាតិ មុខងារសាធារណៈ និងកិច្ចការព្រំដែន គណៈកម្មការនីតិកម្ម និងយុត្តិធម៌នៃព្រឹទ្ធសភា និងតំណាងរាជរដ្ឋាភិបាលកម្ពុជា។