គណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ The Legal Reform Committee

ឯកឧត្តម លី ច័ន្ទតុលា រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី អនុប្រធាន និងជាអគ្គលេខាធិការនៃគណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ (គ.ក.ច.) បានដឹកនាំកិច្ចប្រជុំរបស់គណៈកម្មការជំនាញទទួលបន្ទុកតាមវិស័យ នៃគណៈកម្មាធិការដឹកនាំកែទម្រង់ច្បាប់។

នារសៀលថ្ងៃអង្គារ ៤រោច ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៦ នៅទីស្ដីការគណៈរដ្ឋមន្រ្តី ឯកឧត្តម លី ច័ន្ទតុលា រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី អនុប្រធាន និងជាអគ្គលេខាធិការនៃគណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ (គ.ក.ច.) និង ឯកឧត្តម ប៊ុន ហុន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មការជំនាញទទួលបន្ទុកវិស័យសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ និងការពារជាតិ បានដឹកនាំកិច្ចប្រជុំគណៈកម្មការជំនាញទទួលបន្ទុកតាមវិស័យ នៃគណៈកម្មាធិការដឹកនាំកែទម្រង់ច្បាប់ ដើម្បីពិនិត្យ និងពិភាក្សាលើសេចក្តីព្រាងអនុក្រឹត្យស្តីពីការកំណត់និងពិពណ៌នាមុខតំណែងវិជ្ជាជីវៈច្បាប់។
គោលបំណងនៃកិច្ចប្រជុំ គឺពិគ្រោះយោបល់អំពីការកំណត់និងពិពណ៌នាមុខតំណែងវិជ្ជាជីវៈច្បាប់ ដែលមានចំនួន​២ គឺមុខតំណែងវិជ្ជាជីវៈកិច្ចការនីតិកម្ម​ និងមុខតំណែងវិជ្ជាជីវៈកិច្ចការច្បាប់។
កិច្ចប្រជុំនេះមានការចូលរួមពី ឯកឧត្តម លោកជំទាវ លោក លោកស្រី សមាជិក សមាជិកា ថ្នាក់ដឹកនាំ និងក្រុមជំនួយការនៃគណៈកម្មការជំនាញទទួលបន្ទុកវិស័យសេដ្ឋកិច្ច ហិរញ្ញវត្ថុ​និងបច្ចេកវិទ្យា,គណៈកម្មការជំនាញទទួលបន្ទុកវិស័យសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ និងការពារជាតិ, គណៈកម្មការជំនាញទទួលបន្ទុកវិស័យរដ្ឋបាលសាធារណៈ និងនីតិអន្តរជាតិ, គណៈកម្មការជំនាញទទួលបន្ទុកវិស័យសង្គមកិច្ច វប្បធម៌ និងបរិស្ថាន នៃគណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ និងភាគីពាក់ព័ន្ធ ។