នាព្រឹកថ្ងៃអង្គារ ៦រោច ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៦ តាមប្រព័ន្ធ Zoom ឯកឧត្តម លី ច័ន្ទតុលា រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី អនុប្រធាន និងជាអគ្គលេខាធិការ នៃគណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ (គ.ក.ច.) អមដោយ ឯកឧត្តម ប៉ែន ប៊ុនឈា អគ្គលេខាធិការរង គ.ក.ច. និងអ្នកជំនាញការច្បាប់នៃអគ្គលេខាធិការដ្ឋាន គ.ក.ច. បានអញ្ជើញចូលរួមកិច្ចប្រជុំពិភាក្សា ដើម្បីពិនិត្យលើសេចក្តីព្រាងគោលការណ៍ណែនាំស្តីពីការវាយតម្លៃផលប៉ះពាល់បទប្បញ្ញត្តិ (Regulatory Impact Assessment – RIA) ក្រោយពេលសិក្ខាសាលាជាមួយក្រសួង ស្ថាប័ន កាលពីថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៦។
កិច្ចប្រជុំនេះរៀបចំឡើងក្នុងគោលបំណងបូកសរុប និងពិនិត្យធាតុចូលដែលទទួលបានពីសិក្ខាសាលា ព្រមទាំងពិភាក្សាលើចំណុចសំខាន់ៗនៃសេចក្តីព្រាងគោលការណ៍ណែនាំ RIA បីធានាថាការសម្រេចចិត្តរបស់រាជរដ្ឋាភិបាល តាមរយៈការដាក់ចេញនូវលិខិតបទដ្ឋានគតិយុត្តផ្សេងៗ ប្រកបដោយគុណភាព មានភស្តុតាងគាំទ្រ និងកាត់បន្ថយផលប៉ះពាល់អវិជ្ជមាន តាមរយៈការបង្កើតវិធានចាំបាច់ និងការរៀបចំស្ថាបត្យកម្ម (Architecture) នៃប្រព័ន្ធការងារ ព្រមទាំងការបង្កើតក្រុមការងារដែលមានសមត្ថភាព ដើម្បីដឹកនាំ និងសម្របសម្រួលការងារនេះប្រកបដោយប្រសិទ្ធភាព។
គោលការណ៍ណែនាំ RIA សម្រាប់កម្ពុជា មានសារៈសំខាន់ក្នុងការជួយក្រសួង ស្ថាប័ន វាយតម្លៃបញ្ហា គោលបំណង ជម្រើស ផលប៉ះពាល់ ការពិគ្រោះយោបល់ ការសន្និដ្ឋាន និងការអនុវត្តតាមដាន មុនពេលរៀបចំ ឬកែលម្អបទប្បញ្ញត្តិ ដើម្បីឱ្យការសម្រេចចិត្តផ្អែកលើភស្តុតាង មានតម្លាភាព និងមានប្រសិទ្ធភាព។
កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីសំណាក់លោកស្រី Eleanor ទីប្រឹក្សារបស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) និង
ឯកឧត្តម ប៉ិច សុខា អនុរដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្រ្តី អគ្គលេខាធិការនៃក្រុមប្រឹក្សាសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ និងជានាយកគម្រោងវាយតម្លៃផលប៉ះពាល់នៃលិខិតបទដ្ឋានគតិយុត្ត ) ព្រមទាំង ឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាអ្នកច្បាប់ ក្រុមប្រឹក្សាសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ និងអង្គភាពពាក់ព័ន្ធសំខាន់ៗ។