នាព្រឹកថ្ងៃព្រហស្បតិ៍ ១១រោច ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៦ នៅសណ្ឋារគារ RAFFLES HOTEL LE ROYAL PHNOM PENH ឯកឧត្តម លី ច័ន្ទតុលា រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្រ្តី អនុប្រធាននិងជាអគ្គលេខាធិការគណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ (គ.ក.ច.) បានចូលរួមកិច្ចប្រជុំប្រចាំឆ្នាំ យន្តការសម្របសម្រួលកិច្ចការកែទម្រង់គន្លឹះនៃរាជរដ្ឋាភិបាល (យ.ស.ក.) អមដោយឯកឧត្តម ប៉ែន ប៊ុនឈា និងឯកឧត្តម សោម គន្ធា អគ្គលេខាធិការរងគ.ក.ច ព្រមទាំងថ្នាក់ដឹកនាំ អ្នកជំនាញការច្បាប់ និងមន្រ្តីរាជការនៃអគ្គលេខាធិការដ្ឋាន គ.ក.ច ក្រោមអធិបតីភាពរបស់ឯកឧត្តម ហ៊ែល ចំរើន រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាអគ្គលេខាធិការរងនៃគណៈកម្មាធិការដឹកនាំការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ។
ក្នុងឱកាសនោះ ឯកឧត្តម លី ច័ន្ទតុលា រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្រ្តី អនុប្រធាននិងជាអគ្គលេខាធិការគណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ គ.ក.ច. និងតំណាងអគ្គលេខាធិកាដ្ឋាន និងលេខាធិការដ្ឋាន រួមមាន៖ ឯកឧត្តម ចាន់ សុធា ប្រធានលេខាធិការដ្ឋានគណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ, ឯកឧត្តម ខាន់ វណ្ណះ តំណាងអគ្គលេខាធិការដ្ឋានគណៈកម្មាធិការដឹកនាំការកែទម្រង់ប្រព័ន្ធយុត្តិធម៌, ឯកឧត្តម ឈុន សុជាតិ អគ្គលេខាធិការដ្ឋានគណៈកម្មាធិការដឹកនាំការកែទម្រង់រដ្ឋបាលសាធារណៈ ក៍បានចូលរួមថ្លែងមតិចំណាប់អារម្មណ៍ជូនអង្គប្រជុំផងដែរ។
កិច្ចប្រជុំនេះរៀបចំឡើងក្នុងគោលបំណងពិនិត្យវឌ្ឍនភាព និងកំណត់ទិសដៅអនុវត្ត ដើម្បីដាក់ចេញជាសកម្មភាពអាទិភាព និងប្រទាក់ក្រឡាគ្នារវាងកម្មវិធីកែទម្រង់គន្លឹះនៃរាជរដ្ឋាភិបាល។
កិច្ចប្រជុំនេះមានការចូលរួមពីឯកឧត្តម លោកជំទាវ លោក លោកស្រី អញ្ជើញមកពីអគ្គលេខាធិការដឹកនាំការកែទម្រង់ច្បាប់, អគ្គលេខាធិការដ្ឋានដឹកនាំការកែទម្រង់រដ្ឋបាលសាធារណៈ, អគ្គលេខាធិការដ្ឋានគណៈកម្មាធិការដឹកនាំការកែទម្រង់ប្រព័ន្ធយុត្តិធម៌,លេខាធិការដ្ឋានគណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ,អគ្គលេខាធិការគណៈកម្មាធិការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ និងបុគ្គលពាក់ព័ន្ធផ្សេងទៀត។