ឯកឧត្តម សោម គន្ធា អនុរដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី និងជាអគ្គលេខាធិការរង គ.ក.ច. ព្រមទាំង ឯកឧត្តម ប៉ែន ប៊ុនឈា អគ្គលេខាធិការរង គ.ក.ច. បានដឹកនាំគណៈប្រតិភូទៅគោរពវិញ្ញាណក្ខ័ន្ធ អគ្គមហាឧបាសកពុទ្ធសាសនូបត្ថម្ភក៍ ង៉ូវ ឈីវ អតីតប្រធានអង្គការផ្ទះបាយកុមារ
នារសៀលថ្ងៃសុក្រ ១រោច ខែចេត្រ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៦ នៅវត្តមណីរតនារាម (ទួលទំពូង) ឯកឧត្តម សោម គន្ធា អនុរដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី និងជាអគ្គលេខាធិការរង គ.ក.ច. ព្រមទាំងឯកឧត្តម ប៉ែន ប៊ុនឈា អគ្គលេខាធិការរងនៃគណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ (គ.ក.ច.) បានដឹកនាំគណៈប្រតិភូនៃអគ្គលេខាធិការដ្ឋាន (គ.ក.ច.) ទៅគោរពវិញ្ញាណក្ខ័ន្ធ អគ្គមហាឧបាសកពុទ្ធសាសនូបត្ថម្ភក៍ ង៉ូវ ឈីវ អតីតប្រធានអង្គការផ្ទះបាយកុមារ ដែលជាឪពុកក្មេករបស់ ឯកឧត្តម លី ច័ន្ទតុលា អនុប្រធាននិងជាអគ្គលេខាធិការ គ.ក.ច. និងជារដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី។ ក្នុងបរិយាកាសដ៏សែនវិយោគនេះ ក្នុងនាមថ្នាក់ដឹកនាំ មន្រ្តីរាជការ ជំនាញការច្បាប់ ព្រមទាំងបុគ្គលិកនៃអគ្គលេខាធិការដ្ឋាន គ.ក.ច. ទាំងអស់ សូមគោរពចូលរួមរំលែកទុក្ខ និងសោកស្តាយស្រណោះអាឡោះអាល័យជាទីបំផុត ចំពោះមរណភាព អគ្គមហាឧបាសកពុទ្ធសាសនូបត្ថម្ភក៍ ង៉ូវ ឈីវ អតីតប្រធានអង្គការផ្ទះបាយកុមារ គឺជាការបាត់បង់ នូវស្វាមី ឪពុក និងជីតា ប្រកបដោយព្រហ្មវិហារធម៌ សង្គហធម៌ ចំពោះភរិយា កូនៗ ចៅប្រុស ចៅស្រី រួមនឹងញាតិមិត្តជិតឆ្ងាយជាទីស្រឡាញ់ទាំងអស់ ហើយលើសពីនេះ មរណភាពរបស់លោកព្រឹទ្ធាចារ្យ ក៏ជាការបាត់បង់នូវសប្បុរសជនដ៏ឆ្នើម ដែលបានលះបង់អស់កម្លាំងកាយចិត្តក្នុងការជួយសង្គ្រោះដល់កុមារគ្មានទីពឹង និងកុមារទុគ៌តជាច្រើនដែលបានពឹងពាក់អាស្រ័យអង្គការផ្ទះបាយកុមារនាពេលកន្លងមក។ ស្មារតីលះបង់ និងការខិតខំប្រឹងប្រែងរបស់លោកព្រឹទ្ធាចារ្យ គឺជាគំរូដ៏ល្អថ្លៃថ្លាសម្រាប់យុវជនជំនាន់ក្រោយ ជាពិសេសចៅៗដែលធ្លាប់បានទទួលអាហារហូបចុកពីអង្គការផ្ទះបាយកុមារឱ្យចេះបន្តវប្បធម៌ជួយគ្នា និងចែករំលែកក្តីស្រលាញ់ដល់កុមារដែលជួបការលំបាកក្នុងសង្គម។ ថ្នាក់ដឹកនាំ មន្ត្រីរាជការ ជំនាញការច្បាប់ និងបុគ្គលិកទាំងអស់នៃអគ្គលេខាធិការដ្ឋាន គ.ក.ច. យើងខ្ញុំសូមលំឱនកាយវាចាចិត្តគោរពដល់វិញ្ញាណក្ខ័ន្ធ អគ្គមហាឧបាសកពុទ្ធសាសនូបត្ថម្ភក៍ ង៉ូវ ឈីវ ប្រកបដោយក្តីអាឡោះអាល័យជាទីបំផុត និងសូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ សូមជួយនាំដួងវិញ្ញាណក្ខ័ន្ធរបស់លោកព្រឹទ្ធាចារ្យ បានទៅកាន់ទីឋានបរមសុខក្នុងសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។