នាព្រឹកថ្ងៃអង្គារ ១០រោច ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៦ នៅក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ឯកឧត្តម លី ច័ន្ទតុលា រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្រ្តី អនុប្រធាន និងជាអគ្គលេខាធិការគណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ (គ.ក.ច.) បានចាត់តាំងឯកឧត្តម ប៉ែន ប៊ុនឈា អគ្គលេខាធិការរងគណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ អមដោយលោកស្រី ឡេង ចាន់ភួង និងលោក មាឃ សីហា អ្នកជំនាញការច្បាប់ នៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ អញ្ជើញចូលរួមកិច្ចប្រជុំត្រៀមរៀបចំសិក្ខាសាលាផ្សព្វផ្សាយចក្ខុវិស័យនិងយុទ្ធសាស្ត្រស្ដីពីសុខដុមនីយកម្មកិច្ចការកែទម្រង់ច្បាប់គន្លឹះនៃរាជរដ្ឋាភិបាលក្នុងវិស័យអប់រំនិងវិស័យសុខាភិបាល ក្រោមអធិបតីភាពឯកឧត្តម ហ៊ែល ចំរើន រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាអគ្គលេខាធិការរងនៃគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញាវត្ថុសាធារណៈ។
កិច្ចប្រជុំនេះមានការចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ តំណាងអគ្គលេខាធិការដ្ឋានគណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ និងមន្រ្តីពាក់ព័ន្ធទាំងអស់។