នារសៀលថ្ងៃព្រហស្បតិ៍ ១រោច ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៦ នៅទីស្តីការគណៈរដ្ឋមន្ត្រី ឯកឧត្តម លី ច័ន្ទតុលា រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្រ្តី អនុប្រធាននិងជាអគ្គលេខាធិការគណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ (គ.ក.ច.) អមដោយឯកឧត្តម ប៉ែន ប៊ុនឈា អគ្គលេខាធិការរងគណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ (គ.ក.ច.) និងអ្នកជំនាញការច្បាប់ និងកម្មសិក្សាការីនៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ (គ.ក.ច.) បានអញ្ជើញចូលរួមកិច្ចប្រជុំពិភាក្សាលើសេចក្តីព្រាងមាតិការបស់ក្រមពាណិជ្ជកម្មសម្រាប់កម្ពុជា និងសេចក្តីព្រាងសេចក្តីសម្រេចបង្កើតក្រុមការងាររៀបចំក្រមពាណិជ្ជកម្មសម្រាប់កម្ពុជា ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមបណ្ឌិតសភាចារ្យ សុក ស៊ីផាន់ណា ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាអនុប្រធាន (គ.ក.ច.)។ កិច្ចប្រជុំនេះរៀបចំឡើងក្នុងគោលបំណងពិនិត្យ និងពិភាក្សាលើធាតុផ្សំសំខាន់ៗដែលត្រូវដាក់បញ្ចូលក្នុងក្រមពាណិជ្ជកម្ម ក៏ដូចជាត្រៀមលក្ខណៈឱ្យបានគ្រប់គ្រាន់ក្នុងការចាប់ផ្តើមដំណើរការរៀបចំក្រមពាណិជ្ជកម្ម។ ការរៀបចំក្រមពាណិជ្ជកម្ម គឺជាគម្រោងស្មុគស្មាញមួយដែលទាមទារឱ្យមានការសិក្សាស៊ីជម្រៅអំពីវិធីសាស្ត្រតាក់តែង និងយន្តការគាំទ្រ គួបផ្សំនឹងយុទ្ធសាស្ត្រទំនាក់ទំនងអន្តរក្រសួង ស្ថាប័ន ភាគីឯកជន និងដៃគូអភិវឌ្ឍ។
ឯកឧត្តម លី ច័ន្ទតុលា រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្រ្តី អនុប្រធាននិងជាអគ្គលេខាធិការគណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ (គ.ក.ច.) បានអញ្ជើញចូលរួមកិច្ចប្រជុំពិភាក្សាលើ ឯកសារទស្សនាទាន ស្តីពីការរៀបចំក្រមពាណិជ្ជកម្មកម្ពុជា។
ថ្ងៃព្រហស្បតិ៍ ទី៣០ ខែកក្កដា ឆ្នាំ២០២៦
ព័ត៌មានផ្សេងទៀត