នាព្រឹកថ្ងៃព្រហស្បតិ៍ ៤រោចកើត ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៦ សណ្ឋាគារ NOVOTEL PHNOM PENH ឯកឧត្តម លី ច័ន្ទតុលា រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី អនុប្រធាន និងជាអគ្គលេខាធិការនៃគណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ (គ.ក.ច.) បានចាត់លោកស្រី ឡេង ចាន់ភួង អ្នកជំនាញការច្បាប់នៃអគ្គលេខាធិការដ្ឋាន គ.ក.ច ចូលរួមក្នុងសិក្ខាសាលាចែករំលែកចំណេះដឹង និងបទពិសោធន៍ស្ដីពីការធ្វើវិមជ្ឈការហិរញ្ញវត្ថុនៃបណ្ដាប្រទេសក្នុងតំបន់ និងប្រទេសអាល្លឺម៉ង់ ក្រោមអធិបតីភាពឯកឧត្តម សក់ សេដ្ឋា ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាអនុប្រធានអចិន្រ្តៃយ៍នៃគណៈកម្មធិការជាតិអភិវឌ្ឍន៍តាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ និងលោក CHRISTOF WEIGELMEIER ប្រធានកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍នៃស្ថានទូតអាល្លឺម៉ងប្រចាំព្រះរាជាណាចក្រកម្ពុជា ។ សិក្ខាសាលានេះ រៀបចំឡើងក្នុងគោលបំណង (១).ចែករំលែកមេរៀន និងបទពិសោធពីការធ្វើវិមជ្ឍការហិរញ្ញវត្ថុ និងការគ្រប់គ្រងហិរញ្ញវត្ថុរបស់រដ្ឋបាលនៅប្រទេសអាល្លឺម៉ង់ និងឧត្តមានុវត្តន៍នៅបណ្ដាប្រទេសមួយចំនួនក្នុងតំបន់ (២). សម្របសម្រួលកិច្ចសន្ទនាលើផ្នែកគោលនយោបាយប្រកបដោយស្ថាបនារវាងក្រសួង ស្ថាប័នពាក់ព័ន្ធរដ្ឋបាលថ្នាក់ក្រោមជាតិ និងដៃគូអភិវឌ្ឍន៍ (៣). កំណត់នូវបញ្ហាប្រឈមគន្លឹះៗផ្នែកនយោបាយដែលមានផលប៉ះពាល់ដល់ការធ្វើវិមជ្ឍការហិរញ្ញវត្ថុ និងការគ្រប់គ្រងហិរញ្ញវត្ថុរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ និង(៤) ផ្ដល់នូវអនុសាសន៍លើផ្នែកគោលនយោបាយដែលអាចអនុវត្តបានស្របតាមស្ថានភាពជាក់ស្ដែង និងដំណាក់កាលនៃកម្មវិធីកែទម្រង់នានារបស់កម្ពុជា និងផែនទីបង្ហាញផ្លូវក្នុងការអនុវត្តកំណែទម្រង់ពាក់ព័ន្ធនៅកម្ពុជាលើការធ្វើវមជ្ឍការហិរញ្ញវត្ថុ និងការគ្រប់គ្រងហិរញ្ញវត្ថុរដ្ឋបាលថ្នាក់ក្រោមជាតិ។ សិក្ខាសាលានេះ មានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ថ្នាក់ដឹកនាំ និងមន្ត្រីមកពីក្រសួងស្ថាប័ន និងភាគីពាក់ព័ន្ធទាំងអស់ទាំងជាតិ និងអន្តរជាតិ។
ឯកឧត្តម លី ច័ន្ទតុលា រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី អនុប្រធាន និងជាអគ្គលេខាធិការនៃ គណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ (គ.ក.ច.) បានចាត់លោកស្រី ឡេង ចាន់ភួង អ្នកជំនាញការច្បាប់នៃអគ្គលេខាធិការដ្ឋាន គ.ក.ច ចូលរួមក្នុងសិក្ខាសាលាចែករំលែកចំណេះដឹង និងបទពិសោធន៍ស្ដីពីការធ្វើវិមជ្ឈការហិរញ្ញវត្ថុនៃបណ្ដាប្រទេសក្នុងតំបន់ និងប្រទេសអាល្លឺម៉ង់។
ថ្ងៃព្រហស្បតិ៍ ទី៤ ខែមិថុនា ឆ្នាំ២០២៦
ព័ត៌មានផ្សេងទៀត