ឯកឧត្តម លី ច័ន្ទតុលា រដ្ឋលេខាធិការទីស្ដីការគណៈរដ្ឋមន្រ្តី អនុប្រធាន និងជាអគ្គលេខាធិការគណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ អញ្ជើញចូលរួមសម័យប្រជុំលើកទី៥ នៃព្រឹទ្ធសភា ជាតំណាងរាជរដ្ឋាភិបាលកម្ពុជាដើម្បីពិភាក្សាលើសេចក្ដីព្រាងច្បាប់ស្ដីពីការធានាទូទាត់ថ្លៃទិញថាមពលអគ្គិសនីពីប្រទេសវៀតណាម
នាព្រឹកថ្ងៃពុធ ៤កើត ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តម លី ច័ន្ទតុលា រដ្ឋលេខាធិការទីស្ដីការគណៈរដ្ឋមន្រ្តី អនុប្រធាន និងជាអគ្គលេខាធិការគណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ បានអញ្ជើញចូលរួមក្នុងសម័យប្រជុំលើកទី៥ ព្រឹទ្ធសភា នីតិកាលទី៥ ជាតំណាងរាជរដ្ឋាភិបាលកម្ពុជា ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម អ៊ុច បូររិទ្ធ ប្រធានស្តីទីព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា។របៀបវារៈដ៏សំខាន់នៃសម័យប្រជុំនេះ គឺការពិនិត្យហើយឱ្យយោបល់លើសេចក្តីព្រាងច្បាប់ស្តីពី «ការអនុម័តយល់ព្រមលើការធានាទូទាត់របស់រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ឱ្យក្រុមហ៊ុនអគ្គិសនីវៀតណាមនៃសាធារណរដ្ឋសង្គមនិយមវៀតណាម សម្រាប់ការធានាលើការទិញថាមពលអគ្គិសនីពីប្រទេសវៀតណាម»។ នៅក្នុងដំណើរការនៃអង្គប្រជុំ ឯកឧត្តម យស ផានីត្តា ប្រធានគណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្ម នៃព្រឹទ្ធសភា បានអញ្ជើញឡើងរាយការណ៍ជូនអង្គប្រជុំអំពីលទ្ធផលនៃការពិនិត្យសិក្សាយ៉ាងលម្អិតលើសេចក្តីព្រាងច្បាប់នេះ។ ជាមួយគ្នានោះ ក៏មានការឡើងមានយោបល់ពីសំណាក់សមាជិកព្រឹទ្ធសភាចំនួន ១រូប ដើម្បីជាធាតុចូលបន្ថែម។ជាការឆ្លើយតប និងការពារសេចក្ដីព្រាងច្បាប់ក្នុងនាមតំណាងរាជរដ្ឋាភិបាល ឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល បានអញ្ជើញឡើងធ្វើការឆ្លើយបំភ្លឺយ៉ាងច្បាស់លាស់ជូនអង្គប្រជុំ អំពីសារៈសំខាន់ និងភាពចាំបាច់នៃច្បាប់នេះ ក្នុងការធានានូវសន្តិសុខថាមពល និងស្ថិរភាពនៃការផ្គត់ផ្គង់អគ្គិសនីជូនដល់ប្រជាពលរដ្ឋ និងការអភិវឌ្ឍសេដ្ឋកិច្ចជាតិ។ បន្ទាប់ពីបានពិភាក្សា និងដេញដោលយ៉ាងម៉ត់ចត់រួចមក អង្គប្រជុំព្រឹទ្ធសភាទាំងមូលបានសម្រេចពិនិត្យ និងឱ្យយោបល់ឯកភាពទាំងស្រុងលើសេចក្តីព្រាងច្បាប់នេះក្នុងសំឡេងគាំទ្រចំនួន ៥៨សំឡេង នៃចំនួនសមាជិកព្រឹទ្ធសភាទាំងមូល (៥៨/៥៨)។