គណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ The Legal Reform Committee

ឯកឧត្តម លី ច័ន្ទតុលា រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី អនុប្រធាន និងជាអគ្គលេខាធិការនៃគណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ (គ.ក.ច.) បានអញ្ជើញចូលរួមពិនិត្យនិងពិភាក្សាលើសេចក្តីព្រាងច្បាប់ធានាទូទាត់ការទិញថាមពលអគ្គិសនីពីវៀតណាម ដើម្បីពង្រឹងសន្តិសុខថាមពលជាតិ

ឯកឧត្តម លី ច័ន្ទតុលា រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី អនុប្រធាន និងជាអគ្គលេខាធិការនៃគណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ (គ.ក.ច.) បានអញ្ជើញចូលរួមពិនិត្យនិងពិភាក្សាលើសេចក្តីព្រាងច្បាប់ធានាទូទាត់ការទិញថាមពលអគ្គិសនីពីវៀតណាម ដើម្បីពង្រឹងសន្តិសុខថាមពលជាតិ

នារសៀលថ្ងៃពុធ ៥រោច ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៦ នៅវិមានរដ្ឋសភា ឯកឧត្តម លី ច័ន្ទតុលា អនុប្រធាន និងជាអគ្គលេខាធិការនៃ គ.ក.ច. បានអញ្ជើញចូលរួមពិនិត្យនិងពិភាក្សាលើសេចក្តីព្រាងច្បាប់ធានាទូទាត់ការទិញថាមពលអគ្គិសនីពីវៀតណាម ដើម្បីពង្រឹងសន្តិសុខថាមពលជាតិ ជាមួយអន្តរគណៈកម្មការជំនាញនៃរដ្ឋសភា ក្រោមអធិបតីភាពដឹកនាំដោយ ឯកឧត្តម ឈាង វុន ប្រធានគណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្ម (គណៈកម្មការទី២) និង លោកជំទាវ និន សាផុន ប្រធានគណៈកម្មការសាធារណការ ដឹកជញ្ជូន អាកាសចរស៊ីវិល ប្រៃសណីយ៍ ទូរគមនាគមន៍ ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ រ៉ែ ថាមពល ពាណិជ្ជកម្ម រៀបចំដែនដី នគរូបនីយកម្ម និងសំណង់ (គណៈកម្មការទី៩) ដោយបើកកិច្ចប្រជុំពិនិត្យ និងសិក្សាលើសេចក្តីព្រាងច្បាប់ស្តីពី “ការអនុម័តយល់ព្រមលើការធានាទូទាត់របស់រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ជូនដល់ក្រុមហ៊ុនអគ្គិសនីវៀតណាម (EVN)” ជាមួយតំណាងភាគីរាជរដ្ឋាភិបាល ដឹកនាំដោយ ឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល និង ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ព្រមទាំងមានវត្តមានសមាជិក សមាជិកាគណៈកម្មការជំនាញ និងមន្ត្រីពាក់ព័ន្ធជាច្រើនរូបផ្សេងទៀតនៅវិមានរដ្ឋសភា។
ឯកឧត្តម កែវ រតនៈ បានបញ្ជាក់ថា កិច្ចព្រមព្រៀងថ្មីនេះមានសុពលភាព ៤ឆ្នាំ ដោយចាប់ផ្តើមអនុវត្តពីថ្ងៃទី១ ខែមេសា ឆ្នាំ២០២៦ រហូតដល់ថ្ងៃទី១ ខែមេសា ឆ្នាំ២០៣០។ ឯកឧត្តមបានគូសបញ្ជាក់ថា សេចក្តីព្រៀងច្បាប់នេះគឺជាការឆ្លុះបញ្ចាំងពីការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ក្នុងការអភិវឌ្ឍ វិស័យថាមពល ទាំងប្រភពផលិត និងបណ្តាញបញ្ជូនឱ្យកាន់តែមានភាពរឹងមាំ។ សេចក្តីព្រាងច្បាប់ដែលមាន ៣ មាត្រា នេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងយុទ្ធសាស្ត្រសំខាន់ៗ ដូចខាងក្រោម៖
• ការធានានិរន្តរភាពថាមពល៖ ដើម្បីឆ្លើយតបទៅនឹងកំណើនតម្រូវការប្រើប្រាស់អគ្គិសនីសម្រាប់ការរស់នៅរបស់ប្រជាពលរដ្ឋ និងការអភិវឌ្ឍសេដ្ឋកិច្ចជាតិ។
• ស្ថិរភាពតម្លៃ៖ ជាឧបករណ៍គតិយុត្តដែលអនុញ្ញាតឱ្យរដ្ឋាភិបាលធានាបាននូវតម្លៃអគ្គិសនី សមរម្យសម្រាប់ប្រជាពលរដ្ឋ។
• ការអនុវត្តកាតព្វកិច្ចថ្មី៖ កម្ពុជាត្រូវផ្តល់លិខិតធានាថ្មីជូនក្រុមហ៊ុន EVN ដើម្បីជំនួសលិខិតធានាចាស់ដែលបានផុតសុពលភាព ដោយត្រូវអនុវត្តឱ្យបានយូរបំផុតត្រឹមថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៦ខាងមុខ។
អង្គប្រជុំបានឯកភាពទាំងស្រុងលើអត្ថបទសេចក្តីព្រាងច្បាប់ ដោយរក្សាខ្លឹមសារដើមទាំងស្រុង ជាមួយគ្នានេះ គណៈកម្មការទី២ និងទី៩ រដ្ឋសភា នឹងរៀបចំរបាយការណ៍ជូនគណៈកម្មាធិការអចិន្ត្រៃយ៍នៃរដ្ឋសភា
ដើម្បីដាក់បញ្ចូលក្នុងរបៀបវារៈសម័យប្រជុំពេញអង្គនាពេលខាងមុខផងដែរ។