ឯកឧត្តម លី ច័ន្ទតុលា អនុប្រធាន និងជាអគ្គលេខាធិការគណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ (គ.ក.ច.) បានចាត់ ឯកឧត្តម សោម គន្ធា អនុរដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី និងជាអគ្គលេខាធិការរង គ.ក.ច. ចូលរួមកិច្ចប្រជុំរបស់លេខាធិការដ្ឋាននៃគណៈកម្មាធិការជាតិជំរុញការអនុវត្តវិធានការគន្លឹះក្នុងការកែទម្រង់រដ្ឋបាលសាធារណៈនីតិកាលទី៧នៃរដ្ឋសភា (គ.វ.រ)
នាព្រឹកថ្ងៃចន្ទ ៤រោច ខែចេត្រ ឆ្នាំ ម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៦ នៅសាលប្រជុំ “តេជោសន្តិភាព” សាលាភូមិន្ទរដ្ឋបាល ឯកឧត្តម លី ច័ន្ទតុលា អនុប្រធាននិងជាអគ្គលេខាធិការ គ.ក.ច. និងជារដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី បានចាត់ ឯកឧត្តម សោម គន្ធា អនុរដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី និងជាអគ្គលេខាធិការរង គ.ក.ច. អមដោយមន្ត្រីនៃអគ្គលេខាធិការដ្ឋាន គ.ក.ច.ចូលរួមកិច្ចប្រជុំរបស់លេខាធិការដ្ឋាននៃគណៈកម្មាធិការជាតិជំរុញការអនុវត្តវិធានការគន្លឹះក្នុងការកែទម្រង់រដ្ឋបាលសាធារណៈនីតិកាលទី៧នៃរដ្ឋសភា (គ.វ.រ) ក្រោមអធិបតីដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈនិងជាអនុប្រធានប្រចាំការនៃ (គ.វ.រ)។
កិច្ចប្រជុំនេះគឺមានគោលបំណងដើម្បីកំណត់គោលការណ៍រួមចំនួន ៤ចំណុច សម្រាប់ការអនុវត្តក្នុងការរៀបចំតែងតាំងឡើងវិញមន្ត្រីរាជការស៊ីវិល ក្នុងមុខតំណែងគ្រប់គ្រង និងថ្នាក់ប្រហាក់ប្រហែលទៅតាមរចនាសម្ព័ន្ធថ្មី ដើម្បីឱ្យស្របតាមអភិក្រម «រៀបចំផ្ទះឱ្យបានរៀបរយ» និង «ពង្រឹងជាជាងពង្រីក» ព្រមទាំងដើម្បីរក្សានូវអត្ថប្រយោជន៍ជូនមន្ត្រីរាជការស៊ីវិល ដោយមានចែងនៅក្នុងសេចក្ដីព្រាងសេចក្តីណែនាំស្តីពី «ការតែងតាំងឡើងវិញមន្ត្រីរាជការ និងការរៀបចំមន្ត្រីក្នុងរចនាសម្ព័ន្ធថ្មី របស់ទីស្តីការគណៈរដ្ឋមន្ត្រី ក្រសួង រដ្ឋលេខាធិការដ្ឋាន និងស្ថាប័នចំណុះអង្គការនីតិប្រតិបត្តិ»។ កិច្ចប្រជុំនេះមានការចូលរួមពី ក្រសួង ស្ថាប័នជំនាញ និងបុគ្គលពាក់ព័ន្ធ។