នាព្រឹកថ្ងៃពុធ ១១រោច ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៦ នៅទីស្ដីការគណៈរដ្ឋមន្រ្តី, ឯកឧត្តម លី ច័ន្ទតុលា រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្រ្តី អនុប្រធានក្រុមប្រឹក្សាអ្នកច្បាប់ និងជាអគ្គលេខាធិការគណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ (គ.ក.ច.) និងឯកឧត្តម ម៉ម សារិទ្ធ សមាជិកអចិន្រ្តៃយ៍ និងជាប្រធានក្រុមការងារទី២នៃក្រុមប្រឹក្សាសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ បានអញ្ជើញធ្វើជាសហប្រធានដឹកនាំកិច្ចប្រជុំជំនាញបច្ចេកទេស ដើម្បីពិនិត្យ និងពិភាក្សាបន្តលើ ១).សេចក្ដីព្រាងច្បាប់ស្ដីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងក្របខ័ណ្ឌស្ដីពីកិច្ចសម្រួលពាណិជ្ជកម្មឆ្លងការព្រំដែនដោយមិនប្រើប្រាស់ក្រដាសស្នាមក្នុងតំបន់អាស៊ីនិងប៉ាស៊ីហ្វិក, ២).សេចក្ដីព្រាងច្បាប់ស្ដីពីការអនុម័តយល់ព្រមលើពិធីសារដំឡើងកម្រិតកិច្ចព្រមព្រៀងក្របខ័ណ្ឌស្ដីពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចទូលំទូលាយ និងកិច្ចព្រមព្រៀងពាក់ព័ន្ធរវាងសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍និងសាធារណរដ្ឋប្រជាមានិតចិន (ពិធីសារដំឡើងកម្រិត ACFTA 3.0)
កិច្ចប្រជុំនេះមានការចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការសមាជិក សមាជិកា ក្រុមប្រឹក្សាអ្នកច្បាប់ តំណាងក្រុមប្រឹក្សាសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ និងមន្រ្តីពាក់ព័ន្ធទាំងអស់។