នាព្រឹកថ្ងៃចន្ទ ១០រោច ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២៦ តាមរយៈប្រព័ន្ធវីដេអូ CONFERENCE ឯកឧត្តម លី ច័ន្ទតុលា រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី អនុប្រធាន និងជាអគ្គលេខាធិការនៃគណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ (គ.ក.ច.) បានចាត់តាំងឯកឧត្តម ប៉ែន ប៊ុនឈា អគ្គលេខាធិការរង គ.ក.ច អមដោយលោក អៀប សុធានី អនុប្រធាននាយកដ្ឋានគោលនយោបាយ និងផែនការនៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ (គ.ក.ច.) អញ្ជើញចូលរួមកិច្ចប្រជុំគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ និងក្រុមការងារបច្ចេកទេស TWG ក្រោមអធិបតីភាព ឯកឧត្តម រស់ សីលវ៉ា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាអគ្គលេខាធិការគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ។
កិច្ចប្រជុំនេះ មានគោលបំណង ដើម្បីពិនិត្យ និងពិភាក្សាលើរបាយការណ៍សមិទ្ធកម្មប្រចាំត្រីមាសទី២ ឆ្នាំ២០២៦ នៃការអនុវត្តកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈដំណាក់កាលទី៤។
កិច្ចប្រជុំមានការចូលរួមពីសំណាក់ តំណាងអគ្គលេខាធិការដ្ឋានគណៈកម្មាធិការកែទម្រង់រដ្ឋបាលសាធារណៈ, តំណាងអគ្គលេខាធិការដ្ឋានគណៈកម្មាធិការកែទម្រង់ប្រព័ន្ធយុត្តិធម៌, តំណាងលេខាធិការដ្ឋាន គណៈកម្មាធិការដឹកនាំគណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបលទ្ធិប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ។