នាព្រឹកថ្ងៃពុធ ១៥កើត ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៦ នាវិមានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា ឯកឧត្តម លី ច័ន្ទតុលា រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី អនុប្រធាន និងជាអគ្គលេខាធិការនៃគណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ (គ.ក.ច.) បានអញ្ជើញចូលរួមកិច្ចប្រជុំវិសាមញ្ញ នីតិកាលទី៥ព្រឹទ្ធសភា ដើម្បីពិនិត្យឱ្យយោបល់លើសេចក្តីព្រាងច្បាប់សំខាន់ៗចំនួន៤ (របៀបវារៈទី១ ទី២ ទី៣ និងទី៤) ដោយឥតកែប្រែចំនួន ៥៨សំឡេង នៃចំនួនសមាជិកព្រឹទ្ធសភាទាំងមូល៖
របៀបវារៈទី១៖ សេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមឱ្យព្រះរាជាណាចក្រកម្ពុជាចូលជារដ្ឋភាគីនៃអនុសញ្ញាស្តីពីប្រាតិភោគជាអន្តរជាតិចំពោះឧបករណ៍ចល័ត និងពិធីសារនៃអនុសញ្ញាស្តីពីប្រាតិភោគជាអន្តរជាតិចំពោះឧបករណ៍ចល័តពាក់ព័ន្ធនឹងករណីជាក់លាក់នៃឧបករណ៍អាកាសយាន។
របៀបវារៈទី២៖ សេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងក្របខ័ណ្ឌអាស៊ានស្តីពីកិច្ចសម្រុះសម្រួលទទួលស្គាល់ទៅវិញទៅមក។
របៀបវារៈទី៣៖ សេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើកិច្ចសម្រុះសម្រួលទទួលស្គាល់ទៅវិញទៅមកតាមផ្នែកអាស៊ានសម្រាប់សម្ភារៈអគារ និងសំណង់។
របៀបវារៈទី៤៖ សេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើកិច្ចសម្រុះសម្រួលទទួលស្គាល់ទៅវិញទៅមកអាស៊ានស្តីពីប្រភេទអនុម័តបញ្ជាក់សម្រាប់ផលិតផលយានយន្ត ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី១ព្រឹទ្ធសភា ដោយមានវត្តមានសមាជិកព្រឹទ្ធសភាចូលរួមចំនួន ៥៨រូប។
ជាលទ្ធផល អង្គប្រជុំព្រឹទ្ធសភាបានឯកភាពទាំងស្រុងលើសេចក្តីព្រាងច្បាប់ចំនួន៤ (របៀបវារៈទី១ ទី២ ទី៣ និងទី៤) ដោយឥតកែប្រែដោយសម្លេង ៥៨សំឡេង នៃចំនួនសមាជិកព្រឹទ្ធសភាទាំងមូល។
កិច្ចប្រជុំនេះ មានការចូលរួមពីសំណាក់ឯកឧត្តមអនុប្រធានទី២ ឯកឧត្តម លោកជំទាវ សមាជិក សមាជិកា ព្រឹទ្ធសភា និងតំណាងរាជរដ្ឋាភិបាល។