ឯកឧត្តម លី ច័ន្ទតុលា អនុប្រធាន និងជាអគ្គលេខាធិការ គណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ (គ.ក.ច.) បាន អញ្ជើញចូលរួមកិច្ចប្រជុំគណៈកម្មាធិការចម្រុះកម្ពុជា សភាពអ៊ឺរ៉ុបលើកទី១៣ ស្ដីពីការកសាង កំណែទម្រង់រដ្ឋបាល កំណែទម្រង់ច្បាប់ និងតុលាការ អភិបាលកិច្ច និងសិទ្ធិមនុស្ស។
នារសៀលថ្ងៃពុធ ៧កើត ខែចេត្រ ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៩ ត្រូវនឹងថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៦ នៅទីស្ដីការក្រសួងមហាផ្ទៃ ឯកឧត្តម លី ច័ន្ទតុលា រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី អនុប្រធាន និងជាអគ្គលេខាធិការនៃគណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ (គ.ក.ច.) អមដំណើរដោយលោក ម៉ន សុភ័ណ, លោក មាឃ សីហា និងលោក ច័ន្ទ តារារ៉ូមែន ដែលជាអ្នកជំនាញការច្បាប់នៃអគ្គលេខាធិការដ្ឋាន គ.ក.ច. បានអញ្ជើញចូលរួមកិច្ចប្រជុំគណៈកម្មាធិការចម្រុះកម្ពុជា សភាពអ៊ឺរ៉ុបលើកទី១៣ ស្ដីពីការកសាង កំណែទម្រង់រដ្ឋបាល កំណែទម្រង់ច្បាប់ និងតុលាការ អភិបាលកិច្ច និងសិទ្ធិមនុស្ស ។ កិច្ចប្រជុំដ៏មានសារៈសំខាន់នេះបានប្រព្រឹត្តទៅក្រោមអធិបតីភាពរួមរបស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ប៉ោ ភក្ដិ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និង លោកស្រី Leila Fernandez Stembridge ប្រធានផ្នែក Southeast Asia European External Action Service ។
ក្នុងឱកាសនៃកិច្ចប្រជុំនេះ ឯកឧត្តម លី ច័ន្ទតុលា បានថ្លែងសុន្ទរកថាតំណាងឱ្យគណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ ដោយបានរំលេចអំពីវឌ្ឍនភាពការងារយ៉ាងសកម្ម ស្របតាមយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានផ្តល់អាទិភាពខ្ពស់លើការកែទម្រង់សំខាន់ៗចំនួន ៥ រួមមាន៖ កំណែទម្រង់រដ្ឋបាលសាធារណៈ កំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ កំណែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ កំណែទម្រង់ប្រព័ន្ធតុលាការ និងកំណែទម្រង់ច្បាប់ ។ ក្រោមការដឹកនាំផ្ទាល់របស់ ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី និងជាប្រធាន គ.ក.ច. ស្ថាប័ននេះបានដើរតួនាទីយ៉ាងសំខាន់ជាសេនាធិការជូនរាជរដ្ឋាភិបាល ក្នុងការដឹកនាំ គាំទ្រ និងសម្របសម្រួលកម្មវិធីកែទម្រង់ច្បាប់នៅទូទាំងប្រទេស ។
ជាសមិទ្ធផលលេចធ្លោក្នុងឆ្នាំ២០២៥ គ.ក.ច. បានរៀបចំ និងប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវ «ក្របខណ្ឌយុទ្ធសាស្ត្រនៃកម្មវិធីកែទម្រង់ច្បាប់របស់រាជរដ្ឋាភិបាល» ដែលមានចក្ខុវិស័យរយៈពេល ២០ឆ្នាំ (២០២៥-២០៤៥) ក្នុងគោលដៅកសាងប្រព័ន្ធច្បាប់កម្ពុជាឱ្យមានសង្គតិភាព ប្រសិទ្ធភាព និងទំនើបកម្ម ។ យុទ្ធសាស្ត្រនេះផ្ដោតលើសសរស្តម្ភអាទិភាពចំនួន ៤ រួមមាន៖ (១) ការលើកកម្ពស់ការផ្សព្វផ្សាយ និងលទ្ធភាពទទួលបានច្បាប់ (២) ការពង្រឹងក្របខណ្ឌនៃការតាក់តែងច្បាប់ (៣) ការបង្កើនការពិនិត្យដាន និងវាយតម្លៃលើការតាក់តែង និងការអនុវត្តច្បាប់ និង (៤) ការបង្កើតយន្តការដោះស្រាយវិវាទនៃបទដ្ឋានគតិយុត្ត ។ បន្ថែមពីនេះ គ.ក.ច. បានសម្រេចកិច្ចការមូលដ្ឋានជាច្រើនដូចជា ការចងក្រងវិសោធនកម្មរដ្ឋធម្មនុញ្ញ និងច្បាប់តាំងពីនីតិកាលទី១ ដល់ទី៧ ការរៀបចំសេចក្តីព្រាងឯកសារទស្សនទានស្តីពីការបកស្រាយច្បាប់ និងការចុះកម្មសិក្សាដកស្រង់បទពិសោធន៍នៅប្រទេសបារាំង សិង្ហបុរី និងម៉ាឡេស៊ី ក៏ដូចជាកិច្ចសហការជាមួយដៃគូអភិវឌ្ឍន៍ដូចជា ចក្រភពអង់គ្លេស និងធនាគារអភិវឌ្ឍន៍អាស៊ី (ADB) លើការបង្កើតមជ្ឈមណ្ឌលទិន្នន័យច្បាប់ ។
កិច្ចប្រជុំអនុក្រុមការងារជាមួយសហភាពអឺរ៉ុបនាពេលនេះ បានក្លាយជាវេទិកាដ៏មានតម្លៃក្នុងការពិភាក្សាលើរបៀបវារៈសំខាន់ៗជាច្រើន រួមមានសេរីភាពនយោបាយ និងលំហប្រជាធិបតេយ្យ សិទ្ធិការងារ ដីធ្លី សមភាពយេនឌ័រ ការប្រយុទ្ធប្រឆាំងការជួញដូរមនុស្ស និងអភិបាលកិច្ចល្អ ។ តាមរយៈកិច្ចសហប្រតិបត្តិការនេះ គ.ក.ច. បានបង្ហាញពីការប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការបន្តកិច្ចសន្ទនា និងទទួលយកការគាំទ្របច្ចេកទេសពីសហភាពអឺរ៉ុប ដើម្បីលើកកម្ពស់វប្បធម៌នីតិរដ្ឋ ភាពច្បាស់លាស់នៃច្បាប់ និងបន្តជំរុញការផ្សព្វផ្សាយព័ត៌មានច្បាប់ជូនសាធារណជនតាមរយៈគេហទំព័រផ្លូវការ www.lrc.gov.kh និងបណ្តាញសង្គមនានា សំដៅរួមចំណែកដល់ការអភិវឌ្ឍប្រកបដោយចីរភាព និងប្រែក្លាយកម្ពុជាទៅជាប្រទេសដែលមានចំណូលខ្ពស់នៅឆ្នាំ២០៥០ ។