គណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ The Legal Reform Committee

ពិធីបិទវគ្គបណ្តុះបណ្តាល​ និងប្រគល់វិញ្ញាបនបត្រ ស្តីពី “Strengthening Capacity in Legal System Reform in Cambodia”

ពិធីបិទវគ្គបណ្តុះបណ្តាល​ និងប្រគល់វិញ្ញាបនបត្រ ស្តីពី “Strengthening Capacity in Legal System Reform in Cambodia”

នាថ្ងៃសុក្រ ទី២៧ ខែកុម្ភៈ ឆ្នាំ២០២៦ នៅសណ្ឋាគារ TRIBE រាជធានីភ្នំពេញ ឯកឧត្តម លី​ច័ន្ទ​តុលា​ អនុប្រធាន និងជាអគ្គលេខាធិការគណៈកម្មការដឹកនាំការកែទម្រង់ច្បាប់ (គ.ក.ច.) បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបិទវគ្គបណ្តុះបណ្តាល ស្តីពី “Strengthening Capacity in Legal System Reform in Cambodia” និងប្រគល់វិញ្ញាបនបត្របញ្ជាក់ការបណ្តុះបណ្តាលជូនសិក្ខាកាម។
វគ្គបណ្តុះបណ្តាលនេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងពង្រឹង និងលើកកម្ពស់ចំណេះដឹង ជំនាញវិជ្ជាជីវៈ និងសមត្ថភាពស្ថាប័ន ដល់មន្ត្រីជាន់ខ្ពស់ និងមន្ត្រីបច្ចេកទេសនៃ គ.ក.ច. ព្រមទាំងភាគីពាក់ព័ន្ធ ដើម្បីគាំទ្រការអនុវត្តក្របខ័ណ្ឌយុទ្ធសាស្ត្រនៃកម្មវិធីកែទម្រង់ច្បាប់របស់រាជរដ្ឋាភិបាលឱ្យកាន់តែមានប្រសិទ្ធភាព និងប្រសើរឡើងជាបន្តបន្ទាប់។
ខ្លឹមសារបណ្តុះបណ្តាលបានផ្តោតសំខាន់លើការតាក់តែងច្បាប់ ការចងក្រង និងការផ្សព្វផ្សាយច្បាប់ ការតាមដាន និងវាយតម្លៃប្រសិទ្ធភាពច្បាប់ យន្តការដោះស្រាយវិវាទ និងការធានាសង្គតិភាពច្បាប់ ព្រមទាំងជំរុញឧត្តមានុវត្តន៍ ទំនើបកម្មឌីជីថល និងការពង្រឹងកិច្ចសហប្រតិបត្តិការរវាងព្រះរាជាណាចក្រកម្ពុជា និងប្រទេសអូស្ត្រាលី។
ក្នុងឱកាសនោះ ឯកឧត្តម លី​ ច័ន្ទ​តុលា​ បានថ្លែងសុន្ទរកថាបិទវគ្គ ដោយលើកឡើងពីសារៈសំខាន់នៃការអភិវឌ្ឍធនធានមនុស្ស និងការកសាងសមត្ថភាពវិជ្ជាជីវៈ ក្នុងបរិបទនៃការកែទម្រង់ប្រព័ន្ធច្បាប់ឱ្យសមស្របនឹងការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ច។ បន្ទាប់មក លោកជំទាវ Bridget Collier អនុប្រធានបេសកកម្មនៃស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជា ក៏បានថ្លែងមតិសំណេះសំណាល ដោយបញ្ជាក់ពីការបន្តគាំទ្រ និងពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យច្បាប់រវាងប្រទេសទាំងពីរ។
ជាទីបញ្ចប់ ឯកឧត្តម និងលោកជំទាវ បានផ្តល់កិត្តិយសប្រគល់វិញ្ញាបនបត្របញ្ជាក់ការបណ្តុះបណ្តាលជូនសិក្ខាកាម។ វគ្គបណ្តុះបណ្តាលនេះ មានការចូលរួមពីឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំ អ្នកជំនាញច្បាប់ សមាជិកក្រុមប្រឹក្សាអ្នកច្បាប់ និងមន្ត្រីពាក់ព័ន្ធជាច្រើន។
សូមបញ្ជាក់ថា វគ្គបណ្តុះបណ្តាលនេះ បានប្រព្រឹត្តទៅរយៈពេល ៤ថ្ងៃ គឺថ្ងៃទី២៣, ២៤, ២៦ និង ២៧ ខែកុម្ភៈ ឆ្នាំ២០២៦ ដោយអនុវត្តតាមកម្មវិធី និងផែនការដែលបានកំណត់។