ឯកឧត្តម លី ច័ន្ទតុលា អនុប្រធាន និងជាអគ្គលេខាធិកាគណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ (គ.ក.ច.) បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំពិភាក្សាជាមួយតំណាងធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ស្តីពីការរៀបចំមជ្ឈមណ្ឌលទិន្នន័យច្បាប់នៃទីស្តីការគណៈរដ្ឋមន្រ្តី។
នារសៀលថ្ងៃព្រហស្បតិ៍ ៣កើត ខែផល្គុន ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៦ នៅការិយាល័យធនាគារអភិវឌ្ឍន៍អាស៊ី (ADB) , ឯកឧត្តម លី ច័ន្ទតុលា រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្រ្តី អនុប្រធាននិងជាអគ្គលេខាធិការ (គ.ក.ច.) អមដោយ ឯកឧត្តម ប៉ែន ប៊ុនឈា អគ្គលេខាធិការរង (គ.ក.ច.) ព្រមទាំងជំនាញការច្បាប់នៃ (គ.ក.ច.) បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំពិភាក្សាជាមួយតំណាងធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ស្តីពីការរៀបចំមជ្ឈមណ្ឌលទិន្នន័យច្បាប់នៃទីស្តីការគណៈរដ្ឋមន្រ្តី ជាមួយលោក Sion Morton អ្នកជំនាញសេដ្ឋកិច្ចជាន់ខ្ពស់ ផ្នែកវិស័យសាធារណៈនៃធនាគារអភិវឌ្ឍន៍អាស៊ី (ADB) និងលោក Tristan Metcalfe អ្នកជំនាញផ្នែកវិស័យសាធារណៈនៃធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ។ កិច្ចប្រជុំនេះរៀបចំឡើងក្នុងគោលបំណងពិភាក្សាអំពីការរៀបចំមជ្ឈមណ្ឌលទិន្នន័យច្បាប់នៃទីស្តីការគណៈរដ្ឋមន្រ្តីសម្រាប់រក្សាទុកលិខិតបទដ្ឋានគតិយុត្តនានា ដែលនិងអនុញ្ញាតឱ្យសាធារណជនអាចស្វែងរកលិខិតបទដ្ឋានគតិយុត្តនានាតាមរយៈគេហទំព័រច្បាប់របស់រាជរដ្ឋាភិបាលកម្ពុជា (chbab.gov.kh) ។