គណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ The Legal Reform Committee

កិច្ចប្រជុំពិភាក្សាលើ ឯកសារទស្សនាទាន ស្តីពីការរៀបចំ សិក្ខាសាលាពិគ្រោះយោបល់លើការរៀបចំក្រមពាណិជ្ជកម្មសម្រាប់កម្ពុជា

ឯកឧត្តម លី ច័ន្ទតុលា រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្រ្តី អនុប្រធាននិងជាអគ្គលេខាធិការគណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ (គ.ក.ច.) បានអញ្ជើញរៀបចំកិច្ចប្រជុំពិភាក្សាលើ ឯកសារទស្សនាទាន ស្តីពីការរៀបចំ សិក្ខាសាលាពិគ្រោះយោបល់លើការរៀបចំក្រមពាណិជ្ជកម្មសម្រាប់កម្ពុជា

នារសៀលថ្ងៃព្រហស្បតិ៍ ៣កើត ខែផល្គុន ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៦ នៅវិមានសន្តិភាពទីស្តីការគណៈរដ្ឋមន្ត្រី ឯកឧត្តម លី ច័ន្ទតុលា រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្រ្តី អនុប្រធាននិងជាអគ្គលេខាធិការ (គ.ក.ច.) បានអញ្ជើញរៀបចំកិច្ចប្រជុំពិភាក្សាលើ ឯកសារទស្សនាទាន ស្តីពីការរៀបចំ សិក្ខាសាលាពិគ្រោះយោបល់លើការរៀបចំក្រមពាណិជ្ជកម្មសម្រាប់កម្ពុជា ក្រោមអធិបតីភាពរបស់ឯកឧត្តមបណ្ឌិតសភាចារ្យ សុក ស៊ីផាន់ណា ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាអនុប្រធាន (គ.ក.ច.)។ កិច្ចប្រជុំនេះរៀបចំឡើងក្នុងគោលបំណងត្រៀមលក្ខណៈឱ្យបានរួចរាល់ពាក់ព័ន្ធនឹងការប្រមូលធាតុចូល និងកិច្ចការស្រាវជ្រាវសម្រាប់ការរៀបចំ សិក្ខាសាលាពិគ្រោះយោបល់លើការរៀបចំក្រមពាណិជ្ជកម្មសម្រាប់កម្ពុជា។ ការរៀបចំក្រមពាណិជ្ជកម្ម គឺជាគម្រោងស្មុគស្មាញមួយដែលទាមទារឱ្យមានការសិក្សាស៊ីជម្រៅអំពីវិធីសាស្ត្រតាក់តែង និងយន្តការគាំ ទ្រ គួបផ្សំនឹងយុទ្ធសាស្ត្រទំនាក់ទំនងអន្តរក្រសួង ស្ថាប័ន ភាគីឯកជន និងដៃគូអភិវឌ្ឍ។ ក្នុងន័យនេះ សិក្ខាសាលាស្តីពី “ការរៀបចំក្រមពាណិជ្ជកម្ម សម្រាប់កម្ពុជា” នឹងត្រូវរៀបចំឡើងដោយមានការចូលរួមពីសំណាក់តួអង្គពាក់ព័ន្ធទាំងអស់ក្នុងគោលបំណងពិនិត្យ និងពិភាក្សាលើ៖ ១-ការប្រមូលយកធាតុចូលលើរបាយការណ៍ស្តីពីតម្រូវការតាក់តែងក្រមពាណិជ្ជកម្មសម្រាប់កម្ពុជា,២-ការកំណត់វិសាលភាពនៃទំនាក់ទំនងពាណិជ្ជកម្មដែលត្រូវនឹងដាក់បញ្ចូលក្នុងក្រមនេះ,៣-ការកំណត់នូវវិធីសាស្ត្រតាក់តែងក្រមមួយដែលឆ្លើយតបនឹងតម្រូវការជាក់ស្តែង (Compilation, Consolidation, or Codification)។ កិច្ចប្រជុំនេះមានការចូលរួមពីឯកឧត្តមអនុប្រធាន ឯកឧត្តមអគ្គលេខាធិការរង អ្នកជំនាញការច្បាប់ នៃគ.ក.ច. និងបុគ្គលពាក់ព័ន្ធផ្សេងទៀត។