យោងតាមព្រះរាជក្រឹត្យលេខ នស/រកត/០២២៤/១៥០ ស្តីពីការបង្កើតគណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់។ គណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ៈ ដែលសរសេរជាអក្សរកាត់ថា គ.ក.ច.
ជាយន្តការដឹកនាំ សម្របសម្រួល និងជំរុញការអនុវត្តការងារកែទម្រង់ច្បាប់ ស្របតាមកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល ក្នុងគោលបំណងដើម្បីពង្រឹងនិងលើកកម្ពស់គោលការណ៍នីតិរដ្ឋ
សន្តិសុខគតិយុត្ត ព្រមទាំងគុណភាពនិងប្រសិទ្ធភាពនៃច្បាប់។
គណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ មានតួនាទីជាសេនាធិការបស់រាជរដ្ឋាភិបាលនិងមានភារកិច្ចដូចខាងក្រោម៖
- ដឹកនាំ គាំទ្រ សម្របសម្រួល និងជំរុញការអនុវត្តការងារកែទម្រង់ច្បាប់
- ផ្តួចផ្តើមនិងលើកសំណើជូនប្រមុខរាជរដ្ឋាភិបាល ដើម្បីពិនិត្យនិងសម្រេចលើផែនការយុទ្ធសាស្ត្រនឹងផែនការសកម្មភាពកែទម្រង់ច្បាប់ ផ្អែកលើគោលនយោបាយរបស់រាជរដ្ឋាភិបាល
- លើកសំណើជូនប្រមុខរាជរដ្ឋាភិបាលពិនិត្យនិងសម្រេចលើប្រព័ន្ធលើកទឹកចិត្តសម្រាប់គាំទ្រដល់ការអនុវត្តការងារកែទម្រង់ច្បាប់ ប្រកបដោយគុណភាព សង្គតិភាព និងប្រសិទ្ធភាព
- រៀបចំគោលការណ៍ណែនាំដើម្បីពង្រឹងគុណភាពនិងប្រសិទ្ធភាព ក្នុងការតាក់តែងនិងផ្ដល់យោបល់លើការរៀបចំច្បាប់និងលិខិតបទដ្ឋានគតិយុត្តផ្សេងទៀត សំដៅធានាបាននូវប្រសិទ្ធភាពស័ក្ដិសិទ្ធភាព សង្គតិភាព និងភាពសមស្របតាមការវិវត្តនៃសេដ្ឋកិច្ច សង្គម និងដាក់ចេញសេចក្ដីណែនាំនិងវិធានការចាំបាច់នានា សំដៅធានាប្រសិទ្ធភាពនិងស័ក្ដិសិទ្ធភាពនៃការងារ
កែទម្រង់ច្បាប់ - ត្រួតពិនិត្យនិងវាយតម្លៃការអនុវត្តផែនការយុទ្ធសាស្ត្រនិងផែនការសកម្មភាពពាក់ព័ន្ធនឹងការងារកែទម្រង់ច្បាប់
- សម្របសម្រួលនិងសហការជាមួយក្រសួង ស្ថាប័ន និងដៃគូអភិវឌ្ឍជាតិនិងអន្តរជាតិនានា ដើម្បីជំរុញនិងគាំទ្រដល់ការអនុវត្តការងារកែទម្រង់ច្បាប់
- ត្រួតពិនិត្យ តាមដាន និងវាយតម្លៃការអនុវត្តច្បាប់និងលិខិតបទដ្ឋានគតិយុត្តនៅតាមក្រសួងស្ថាប័នរបស់រាជរដ្ឋាភិបាល
- ផ្សព្វផ្សាយច្បាប់និងលិខិតបទដ្ឋានគតិយុត្តតាមគ្រប់មធ្យោបាយ
- ផ្សព្វផ្សាយព័ត៌មានស្តីពីសកម្មភាពនិងសមិទ្ធផលនានានៃការកែទម្រង់ច្បាប់
- ធ្វើរបាយការណ៍អំពីវឌ្ឍនភាពនៃការងារកែទម្រង់ច្បាប់ និងលើកសំណើវិធានការចាំបាច់នានាដើម្បីដោះស្រាយបញ្ហាប្រឈមជូនប្រមុខរាជរដ្ឋាភិបាលពិនិត្យនិងសម្រេច
- អនុវត្តភារកិច្ចផ្សេងទៀតតាមការប្រគល់ពីប្រមុខរាជរដ្ឋាភិបាល។