ដោយមានការអនុញ្ញាតពីឯកឧត្តមឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត រដ្ឋមន្រ្តីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្រ្តី និងជាប្រធាន គ.ក.ច. ឯកឧត្តម លី ច័ន្ទតុលា អនុប្រធាន និងជាអគ្គលេខាធិការ គ.ក.ច. បានចាត់ឯកឧត្តម ប៉ែន ប៊ុនឈា អគ្គលេខាធិការរងនៃអគ្គលេខាធិការដ្ឋាន គ.ក.ច. លោក ច័ន្ទតារា រ៉ូម៉ែន ជំនាញការច្បាប់ គ.ក.ច. ចូលវគ្គបណ្តុះបណ្តាលស្តីពី “Performance Management and Delivery Unit-PEMANDU” និងទស្សនកិច្ចនៅ ក្រសួងសេដ្ឋកិច្ច ក្រសួងអប់រំ និងមជ្ឍមណ្ឌលស្រាវជ្រាវ បច្ចេកវិទ្យា និងការច្នៃប្រឌិតរបស់ប្រទេសម៉ាឡេស៊ី។ ភ្ជាប់គ្នានេះ ការចូលរួមវគ្គបណ្តុះបណ្តាល និងទស្សនកិច្ចខាងលើនេះមានរយៈពេល៥ ថ្ងៃ គិតចាប់ថ្ងៃទី១០-១៤ ខែសីហា ឆ្នាំ២០២៦ ដោយមានការចូលរួមពី ការដ្ឋានកែទម្រង់ទាំង៥ ដែលហៅកាត់ថា យ.ស.ក ក្នុងនោះរួមមាន៖
-តំណាងគណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ និងអគ្គលេខាធិការដ្ឋាន (ទីស្តីការគណៈរដ្ឋមន្រ្តី)
-តំណាងគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ និងអគ្គលេខាធិការ (ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ)
-តំណាងគណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍនតាមបែបលទ្ធិប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ និងលេខាធិការដ្ឋាន(ក្រសួងមហាផ្ទៃ)
-តំណាងគណៈកម្មាធិការកែទម្រង់យុត្តិធម៌និងអគ្គលេខាធិការដ្ឋាន(ក្រសួងយុត្តិធម៌)
-តំណាងគណៈកម្មាធិការកែទម្រង់រដ្ឋបាលសាធារណៈ និងអគ្គលេខាធិការដ្ឋាន (ក្រសួងមុខងារសាធារណៈ)