ម៉ិញ សុមេត្តា
អ្នកជំនាញការច្បាប់
លោក ម៉ិញ សុមេត្តា បច្ចុប្បន្នជាអ្នកជំនាញការច្បាប់នៃគណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ (គ.ក.ច) និងជាមេធាវីពេញសិទ្ធិដែលកំពុងប្រកបវិជ្ជាជីវៈនៃការិយាល័យមេធាវី ហ្រ្គីន ផ្លាណិត។ លោកបានក្លាយជាសមាជិកនៃគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជាក្នុងឆ្នាំ២០២០។
ក្រោយបញ្ចប់បរិញ្ញាបត្រច្បាប់ពីសាកលវិទ្យាល័យកម្ពុជា លោកបានបម្រើការងារជាមន្ត្រីផ្នែកច្បាប់នៅក្រុមមេធាវី វិស្ណុ ដោយផ្តោតជាពិសេសលើការរៀបចំនិងតាក់តែងក្រមបរិស្ថាន និងធនធានធម្មជាតិ និងការស្រាវជ្រាវលើបញ្ហានិងបទប្បញ្ញត្តិពាក់ព័ន្ធនឹងបរិស្ថាន សិទ្ធិដីធ្លី ការរៀបចំលំនៅឋានក្នុងទីក្រុង ការចងក្រងសហគមន៍ ការរៀបចំសំណើគម្រោងនិងរបាយការណ៍ជូនម្ចាស់ជំនួយ និងជាជំនួយការមេធាវីក្នុងរឿងក្ដីដែលមានផលប្រយោជន៍សាធារណៈធំៗ។ លោកបានទទួលការបណ្តុះបណ្តាលជាអ្នកតស៊ូមតិ នៅវិទ្យាស្ថាន Mekong Legal Advocacy Institute (MLAI) ក្នុងឆ្នាំ២០១៦។ បន្ទាប់មក លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកនីតិឯកជនពីសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច ក្នុងឆ្នាំ២០២០ និងទទួលបានវិញ្ញាបនបត្រវិជ្ជាជីវៈមេធាវី ក្នុងឆ្នាំ២០២២ ពីមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈមេធាវី។
ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ លោកមានបទពិសោធន៍ការងារ ពាក់ព័ន្ធនឹងការប្រឹក្សាយោបល់ផ្នែកច្បាប់ ច្បាប់ពាណិជ្ជកម្ម គម្រោងវិនិយោគមានលក្ខណសម្បត្តិគ្រប់គ្រាន់ (QIP) ជាមួយនឹងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) និងក្រសួងស្ថាប័នពាក់ព័ន្ធ ការតាក់តែងនិងពិនិត្យកិច្ចព្រមព្រៀងផ្សេងៗ ជាអាទិ៍ ការលក់ទិញ ការជួល ហ៊ីប៉ូតែកនិងបញ្ចាំ អាជ្ញាប័ណ្ណអចលនទ្រព្យ និងក្រុមហ៊ុនគ្រប់ប្រភេទជាមួយក្រសួង និងនិយ័តករពាក់ព័ន្ធ និងការត្រួតពិនិត្យផ្នែកច្បាប់។ លោកក៏បានពិគ្រោះយោបល់ និងតំណាងឱ្យអតិថិជនក្នុងករណីអនុលោមភាពផ្សេងៗនៅក្នុងក្រសួង និងករណីបណ្តឹងនៅតុលាការ។ ក្រៅពីនេះ លោកបានធ្វើការស្រាវជ្រាវផ្នែកច្បាប់ស្តីពីសិទ្ធិបរិស្ថានអាស៊ានសម្រាប់វិទ្យាស្ថានស្រាវជ្រាវអាស៊ីសម្រាប់ច្បាប់បរិស្ថាន (ARIEL)។
បច្ចុប្បន្ន លោក ម៉ិញ សុមេត្តា ផ្តល់ការគាំទ្រផ្នែកច្បាប់ដល់នាយកដ្ឋានគោលនយោបាយ និងផែនការ ដើម្បីអនុវត្តសកម្មភាពប្រចាំឆ្នាំរបស់ខ្លួន និងសម្រាប់ គ.ក.ច. ជួយក្នុងការស្រាវជ្រាវផ្នែកច្បាប់ និងរៀបចំឯកសារទស្សនាទាននានាលើរបៀបវារៈកំណែទម្រង់ច្បាប់ ប្រព័ន្ធច្បាប់ នីតិរដ្ឋ ការដោះស្រាយវិវាទគតិយុត្ត ការរៀបចំក្រមពាណិជ្ជកម្ម កិច្ចប្រជុំ និងសិក្ខាសាលាពិគ្រោះយោបល់។