ឯកឧត្តម លី ច័ន្ទតុលា អនុប្រធាននិងជាអគ្គលេខាធិការគណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ (គ.ក.ច.) បានអញ្ជើញធ្វើបទបង្ហាញស្ដីពីរបាយការណ៍សង្ខេបអំពីសមិទ្ធផលការងារប្រចាំឆ្នាំ២០២៥ និងផែនការសកម្មភាពឆ្នាំ២០២៦ របស់គណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ ជូនអង្គសន្និបាត បូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦ របស់ទីស្ដីការគណៈរដ្ឋមន្រ្តី
នាព្រឹកថ្ងៃចន្ទ ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៦ នៅវិមានសន្តិភាព ឯកឧត្តម លី ច័ន្ទតុលា អនុប្រធាននិងជាអគ្គលេខាធិការគណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ (គ.ក.ច.) បានអញ្ជើញ ធ្វើបទបង្ហាញស្ដីពីរបាយការណ៍សង្ខេបអំពីសមិទ្ធផលការងារប្រចាំឆ្នាំ២០២៥ និងផែនការសកម្មភាពឆ្នាំ២០២៦ របស់គណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ ជូនអង្គសន្និបាត បូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ ២០២៦ របស់ទីស្ដីការគណៈរដ្ឋមន្រ្តី ក្រោមអធិបតីភាពឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្រ្តីប្រចាំការ រដមន្រ្តីទទួលបន្ទុកទីស្ដីការគណៈរដ្ឋមន្រ្តី តំណាងដ៏ខ្ពង់ខ្ពស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។ ឯកឧត្តម លី ច័ន្ទតុលា បានគូសបញ្ជាក់ថាគណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ (គ.ក.ច.) ត្រូវបានបង្កើតឡើងនៅថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៤ ដើម្បីដឹកនាំ និងសម្របសម្រួលការកែទម្រង់ច្បាប់កម្ពុជា ឱ្យទៅជាប្រព័ន្ធច្បាប់មួយ ដែលមានឯកភាព ប្រសិទ្ធភាព សមានគតិភាព ឧត្តមានុភាពគតិយុត្ត និងសន្តិសុខគតិយុត្ត ស្របតាមឧត្តមានុវត្តន៍អន្តរជាតិ និងបរិការណ៍កម្ពុជា។ បន្ថែមពីនេះ គ.ក.ច. ជាសេនាធិការរបស់រាជរដ្ឋាភិបាលក្នុងការដឹកនាំ គាំទ្រសម្របសម្រួល និងជំរុញការអនុវត្តការងារកែទម្រង់ច្បាប់ និងពង្រឹងមុខងារនីតិកម្មនៃក្រសួង ស្ថាប័ន របស់រាជរដ្ឋាភិបាល ជាមួយក្រុមប្រឹក្សាអ្នកច្បាប់នៃទីស្តីការគណៈរដ្ឋមន្រ្តី ក្នុងបុព្វហេតុនៃការពង្រឹងនិងពង្រីកគុណភាពនិងប្រសិទ្ធភាពនៃវប្បធម៌នីតិរដ្ឋរបស់ព្រះរាជាណាចក្រកម្ពុជា។
សន្និបាតនេះ មានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តមទេសរដ្ឋមន្ត្រី, ឯកឧត្តម លោកជំទាវ រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី, ឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក លោក លោកស្រី ជាថ្នាក់ដឹកនាំនិងមន្ត្រីរាជការនៃទីស្តីការគណៈរដ្ឋមន្ត្រី និងតំណាងពីក្រសួង ស្ថាប័ននានា។