ឯកឧត្ដមលី ច័ន្ទតុលា អនុប្រធាន និងជាអគ្គលេខាធិការនៃ គណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ (គ.ក.ច.) បានចាត់ជំនាញការច្បាប់នៃ គ.ក.ច. ចូលរួមបំពេញទស្សនកិច្ចសិក្សានៅ ម៉ាឡេស៊ី និងបេសកកម្មសិក្សានៅសាជីវកម្មផលិតភាពម៉ាឡេស៊ី (MPC)
ឯកឧត្តម លី ច័ន្ទតុលា អនុប្រធាន និងជាអគ្គលេខាធិការនៃ គ.ក.ច. បានចាត់លោកស្រី ប៉ែន លីនណា និងកញ្ញា ភោគ សិរីរតនា ជំនាញការច្បាប់នៃ គ.ក.ច. ចូលរួមបំពេញទស្សនកិច្ចសិក្សានៅប្រទេសម៉ាឡេស៊ី និងបេសកកម្មសិក្សានៅសាជីវកម្មផលិតភាពម៉ាឡេស៊ី (MPC) រយៈពេល ២ ថ្ងៃ ចាប់ពីថ្ងៃទី ១២ ដល់ថ្ងៃទី ១៣ ខែមីនា ឆ្នាំ២០២៦ ប្រកបដោយជោគជ័យ។ ការបំពេញទស្សនកិច្ចសិក្សានេះ មានសមាសភាពរួមមាន រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការនៃទីស្តីការគណៈរដ្ឋមន្រ្តី តំណាងពីក្រុមប្រឹក្សាសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ ក្រុមប្រឹក្សាអ្នកច្បាប់ និងគណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ សរុបចំនួន ១០ រូប។
ដំណើរទស្សនកិច្ចសិក្សានេះ មានគោលបំណងសិក្សា និងស្វែងយល់អំពីក្របខ័ណ្ឌគតិយុត្ត ក្របខ័ណ្ឌស្ថាប័ន និងតួនាទីភារកិច្ចរបស់ស្ថាប័នពាក់ព័ន្ធក្នុងការអនុវត្ត Regulatory Impact Assessment (RIA) នៅប្រទេសម៉ាឡេស៊ី ដែលត្រូវបានចាត់ទុកថាជាប្រទេសមួយក្នុងតំបន់ ASEAN ដែលអនុវត្ត RIA បានប្រកបដោយប្រសិទ្ធភាព។ ទន្ទឹមនឹងនេះ ក៏មានគោលបំណងដកស្រង់បទពិសោធន៍ល្អៗពីប្រទេសម៉ាឡេស៊ី ដើម្បីពិចារណាការអនុវត្តឱ្យសមស្របតាមបរិបទនៃប្រទេសកម្ពុជា។