ឯកឧត្តម លី ច័ន្ទតុលា អនុប្រធាន និងជាអគ្គលេខាធិការគណៈកម្មការដឹកនាំការកែទម្រង់ច្បាប់ (គ.ក.ច.) បានអញ្ជើញចូលរួមក្នុង “កម្មវិធីចែករំលែកឧត្តមានុវត្តន៍នៃវិស័យមុខងារសាធារណៈរបស់ ប្រទេសសឹង្ហបុរី ដោយផ្តោតលើការអភិវឌ្ឍភាពជាអ្នកដឹកនាំ ការអនុវត្តយន្តការបណ្តាញអគ្គលេខាធិការ និងការគ្រប់គ្រង ផ្អែកលើសមិទ្ធកម្ម”
នារសៀលថ្ងៃអង្គារ ៧រោច ខែផល្គុន ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៦ នៅសណ្ឋាគារ Hyatt Regency Phnom Penh រាជធានីភ្នំពេញ ឯកឧត្តម លី ច័ន្ទតុលា អនុប្រធាន និងជាអគ្គលេខាធិការ គណៈកម្មការដឹកនាំការកែទម្រង់ច្បាប់ (គ.ក.ច.) អមដោយ លោក ម៉ន សុភ័ណ ជំនាញការច្បាប់ នៃ គ.ក.ច. បានអញ្ជើញចូលរួមក្នុង “កម្មវិធីចែករំលែកឧត្តមានុវត្តន៍នៃវិស័យមុខងារសាធារណៈរបស់ប្រទេសសិង្ហបុរី ដោយផ្តោតលើការអភិវឌ្ឍភាពជាអ្នកដឹកនាំ ការអនុវត្តយន្តការបណ្តាញអគ្គលេខាធិការ និងការគ្រប់គ្រងផ្អែកលើសមិទ្ធកម្ម”។
កម្មវិធីនេះប្រារព្ធឡើងក្រោមអធិបតីភាព ឯកឧត្តម យក់ ប៊ុនណា រដ្ឋលេខាធិការប្រចាំការក្រសួងមុខងារសាធារណៈ និងជាប្រធានអនុគណៈកម្មាធិការប្រតិបត្តិនៃ គ.វ.រ. ដោយមានការចូលរួមជាគណៈអធិបតី រួមមាន លោកជំទាវ ឈឺ វិជ្ជរ៉ា រដ្ឋលេខាធិការ ក្រសួងមុខងារសាធារណៈ និងជាប្រធានក្រុមការងារបច្ចេកទេសលើកកម្ពស់ប្រសិទ្ធភាពការងារ នៃអនុគណៈកម្មាធិការប្រតិបត្តិនៃ គ.វ.រ., ឯកឧត្តម ឈុន សុជាតិ អគ្គលេខាធិការ ក្រសួងមុខងារសាធារណៈ និង H.E. Mr. Steven PANG ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋសិង្ហបុរី ប្រចាំព្រះរាជាណាចក្រកម្ពុជា។
កម្មវិធីនេះបានចាប់ផ្តើមដោយមតិស្វាគមន៍របស់ លោក Christopher PRAGASAM នាយកទំនាក់ទំនងអន្តរជាតិ នៃស្ថាប័នមុខងារសាធារណៈ នៃសាធារណរដ្ឋសិង្ហបុរី បន្ទាប់មកមានប្រសាសន៍បើកកម្មវិធីដោយ លោកជំទាវ ឈឺ វិជ្ជរ៉ា។
បន្ទាប់មក កម្មវិធីបានបន្តដោយវគ្គបទបង្ហាញចំនួន ៤ ប្រធានបទ រួមមាន៖
១. ការគ្រប់គ្រងសមិទ្ធកម្ម និងការធ្វើផែនការយុទ្ធសាស្ត្រ ដោយ លោក Melvin LIM នាយករង ទទួលបន្ទុក Performance Management & Strategic Planning
២. ការអភិវឌ្ឍភាពជាអ្នកដឹកនាំ និងការគ្រប់គ្រងមន្ត្រីរាជការ ដោយ លោក Hong Jie LEE នាយករង ទទួលបន្ទុក Leadership Development and Strategy
៣. ការរៀបចំក្របខ័ណ្ឌពង្រឹងសមត្ថភាពធនធានមនុស្ស និងថ្នាក់ដឹកនាំ ដោយ លោកស្រី Jamie LOO នាយក ទទួលបន្ទុក In-Employment Upgrading & Job Redesign
៤. មុខងារ និងតួនាទីរបស់អគ្គលេខាធិការ និងការរៀបចំរចនាសម្ព័ន្ធគាំទ្រ ដោយ លោកស្រី Xin Hui TANG នាយករង ទទួលបន្ទុក Office of Leadership Innovation។
ជាចុងក្រោយ បន្ទាប់ពីវគ្គសំណួរ-ចម្លើយ ឯកឧត្តម យក់ ប៊ុនណា រដ្ឋលេខាធិការប្រចាំការក្រសួងមុខងារសាធារណៈ និងជាប្រធានអនុគណៈកម្មាធិការប្រតិបត្តិនៃ គ.វ.រ. បានមានប្រសាសន៍ធ្វើរបាយការណ៍បូកសរុប និងបិទកម្មវិធី។