ថ្ងៃទី២ នៃវគ្គបណ្តុះបណ្តាលស្តីពី Strengthening Capacity in Legal System Reform in Cambodia ។
នាថ្ងៃអង្គារ ៨កើត ខែផល្គុន ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៦, សណ្ឋាគារ TRIBE រាជធានីភ្នំពេញ, ឯកឧត្តម លី ច័ន្ទតុលា អនុប្រធាននិងជាអគ្គលេខាធិការគណៈកម្មការដឹកនាំការកែទម្រង់ច្បាប់ (គ.ក.ច.)
បានអញ្ជើញចូលរួមវគ្គបណ្តុះបណ្តាលស្តីពី Strengthening Capacity in Legal System Reform in Cambodia។
វគ្គបណ្តុះបណ្តាលបានប្រព្រឹត្តទៅតាមប្រធានបទវគ្គបណ្តុះបណ្តាលចំនួន៤ រួមមាន៖ ១) «ការវាយតម្លៃតម្រូវការនីតិកម្ម» ដឹកនាំដោយលោកស្រីសាស្ត្រាចារ្យ Veronica Taylor សាស្ត្រាចារ្យផ្នែកច្បាប់ និងបទប្បញ្ញត្តិនៃសាលាអភិបាលកិច្ច និងបទប្បញ្ញត្តិសកល (RegNet) នៃសាកលវិទ្យាល័យជាតិអូស្ត្រាលី, ២) «ការវាយតម្លៃតម្រូវការនីតិកម្ម (បន្ត)» ដឹកនាំដោយលោកស្រី Leisha Lister ទីប្រឹក្សាច្បាប់ជាន់ខ្ពស់នៃកម្មវិធីអាស៊ាន-អូស្ត្រាលី ដើម្បីប្រឆាំងការជួញដូរមនុស្ស (ASEAN-ACT), ៣)«សំណើនីតិកម្មផ្អែកលើភស្តុតាង» ដឹកនាំដោយ លោកស្រីសាស្ត្រាចារ្យ Anne Goldsbrough AM បច្ចុប្បន្នកំពុងបម្រើការជាចៅក្រមបម្រុង,៤) «សង្គតិភាពនីតិកម្ម» ដឹកនាំដោយ• លោកស្រីសាស្ត្រាចារ្យ Veronica Taylor សាស្ត្រាចារ្យផ្នែកច្បាប់ និងបទប្បញ្ញត្តិនៃសាលាអភិបាលកិច្ច និងបទប្បញ្ញត្តិសកល (RegNet) នៃសាកលវិទ្យាល័យជាតិអូស្ត្រាលី។ វគ្គបណ្តុះបណ្តាលនេះមានគោលបំណងដើម្បីពង្រឹងចំណេះដឹង ជំនាញ និងសមត្ថភាពស្ថាប័នដល់មន្ត្រីជាន់ខ្ពស់ និងមន្ត្រីបច្ចេកទេសនៃគណៈកម្មាធិការកែទម្រង់ច្បាប់ គ.ក.ច. ព្រមទាំងភាគីពាក់ព័ន្ធនានា ដើម្បីអនុវត្តក្របខ័ណ្ឌយុទ្ធសាស្ត្រនៃកម្មវិធីកែទម្រង់ច្បាប់របស់រាជរដ្ឋាភិបាលឱ្យមានប្រសិទ្ធភាព។ កម្មវិធីនេះមានគោលដៅលើកកម្ពស់សមត្ថភាពលើការងារតាក់តែងច្បាប់ ការចងក្រង និងការផ្សព្វផ្សាយច្បាប់ ការតាមដាននិងវាយតម្លៃច្បាប់ យន្តការដោះស្រាយវិវាទ និងសង្គតិភាពច្បាប់ ព្រមទាំងជំរុញឧត្តមានុវត្តន៍ ទំនើបកម្មឌីជីថល និងពង្រឹងកិច្ចសហប្រតិបត្តិការឱ្យកាន់តែជិតស្និទ្ធរវាងកម្ពុជា និងអូស្ត្រាលី។ វគ្គបណ្តុះបណ្តាលមានការចូលរួមពី ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំ អ្នកជំនាញការច្បាប់ នៃគ.ក.ច. និងសមាជិកនៃក្រុមប្រឹក្សាអ្នកច្បាប់ និងមន្រ្តីនានាផងដែរ។ គួរបញ្ជាក់ផងដែរថាវគ្គបណ្តុះបណ្តាលនេះ
ប្រព្រឹត្តទៅមានចំនួន ៣ថ្ងៃ (២២,២៣,២៥-កុម្ភៈ-២០២៦)