សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា អញ្ជើញជាអធិបតីក្នុងពីធីប្រកាសដាក់ឱ្យ
អនុវត្តក្របខណ្ឌយុទ្ធសាស្ត្រនៃកម្មវិធីកែទម្រង់របស់រាជរដ្ឋាភិបាល
នាព្រឹកថ្ងៃព្រហស្បតិ៍ ១៥កើត ខែអាសាឍ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៥ នៅវិមានសន្តិភាព សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជាអធិបតីក្នុងពីធីប្រកាសដាក់ឱ្យអនុវត្តក្របខ័ណ្ឌយុទ្ធសាស្ត្រនៃកម្មវិធីកែទម្រង់របស់
រាជរដ្ឋាភិបាល ដោយមានការអញ្ជើញចូលរួមពីសំណាក់ ឧបនាយករដ្ឋមន្ត្រី ទេសរដ្ឋមន្ត្រី ឯកឧត្តម លោកជំទាវ សមាជិក-សមាជិកា រាជរដ្ឋាភិបាល ឯកឧត្តមប្រធានតុលាការកំពូល លោកជំទាវអគ្គព្រះរាជអាជ្ញានៃមហាអយ្យការអមតុលាការកំពូល តំណាងអង្គទូតនានា តំណាងដៃគូអភិវឌ្ឍ និងភ្ញៀវកិត្តិយសជាតិ-អន្តរជាតិ ចំនួន ៦៤៤នាក់។
ជាកិច្ចចាប់ផ្ដើម ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី វង្សី វិស្សុត រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី
និងជាប្រធានគណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ (គ.ក.ច.) បានអញ្ជើញថ្លែងសន្តរកថាស្វាគមន៍និងរបាយការណ៍ជូន សម្តេចមហាបវរធិបតី នាយករដ្ឋមន្ត្រី អំពីការកែទម្រង់ច្បាប់ ដោយផ្តោតសំខាន់លើ (១). សាវតារនៃការកែទម្រង់ច្បាប់ និងស្ថានភាពបច្ចុប្បន្ននៃកិច្ចការច្បាប់របស់រាជរដ្ឋាភិបាល (២). ការកែទម្រង់ច្បាប់ក្រោមការដឹកនាំរបស់ សម្តេចមហាបវរធិបតី នាយករដ្ឋមន្រ្តី និង (៣). ក្របខ័ណ្ឌយុទ្ធសាស្រ្តនៃកម្មវិធីកែទម្រង់ច្បាប់របស់រាជរដ្ឋាភិបាល។
នៅក្នុងឱកាស ដ៏មហានក្ខត្តឫក្សនេះ សម្តេចមហាបវរធិបតី នាយករដ្ឋមន្រ្តី បានថ្លែងកោតសរសើរ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី វង្សី វិស្សុត ក្នុងការដឹកនាំនិងសម្របសម្រួលតាក់តែងក្របខ័ណ្ឌយុទ្ធសាស្រ្តនៃកម្មវិធីកែទម្រង់ច្បាប់របស់រាជរដ្ឋាភិបាល ដែលត្រូវបានអនុម័ត និងប្រកាសដាក់ឱ្យអនុវត្តដោយសម្តេចមហាបវរធិបតី នាយករដ្ឋមន្រ្តី ផ្ទាល់។ លើសពីនេះទៅទៀត សម្តេចមហាបវរធិបតី នាយករដ្ឋមន្រ្តី បានផ្តល់អនុសាសន៍គន្លឹះជាអាទិភាពចំនួនបួនប្រការ សម្រាប់ជាប្រទីបបំភ្លឺផ្លូវ និងជាប្រយោជន៍ដល់ការអនុវត្តប្រកបដោយប្រសិទ្ធភាព នូវកិច្ចការកែទម្រង់ដ៏មានសារសំខាន់មួយនេះ ដូចខាងក្រោម៖
ទី១- គ.ក.ច. និងក្រសួង ស្ថាប័នពាក់ព័ន្ធទាំងអស់ ត្រូវសហការចាប់ផ្តើមរៀបចំនីតិវិធីដាក់ឱ្យដំណើរការគណៈកម្មការជំនាញទាំង៤ វិស័យ ជាមួយក្រុមការងារកែទម្រង់ច្បាប់ នៃក្រសួង ស្ថាប័ន ប្រកបដោយភាពប្រទាក់ក្រឡាគ្នា ស្របតាមអភិក្រម “ជវភាពនៃប្រព័ន្ធតួអង្គតែមួយ” ព្រមទាំងរៀបចំផែនការសកម្មភាពចូលរួមអនុវត្តក្របខ័ណ្ឌយុទ្ធសាស្រ្តនៃកម្មវិធីកែទម្រង់ច្បាប់របស់រាជរដ្ឋាភិបាល ឱ្យសម្រេចជាលទ្ធផលជាក់ស្តែង ស្របតាមសូចនាករសមិទ្ធកម្មគន្លឹះ ដែលបានកំណត់តាមជំហានយុទ្ធសាស្រ្តទាំងបួនដំណាក់កាល។
ទី២-គ.ក.ច. និងក្រសួង ស្ថាប័នពាក់ព័ន្ធទាំងអស់ ត្រូវសហការរៀបចំនិងដាក់ឱ្យដំណើរការគណៈកម្មាធិការជាតិការពារនីត្យានុកូល-ភាព ស្របតាមរដ្ឋធម្មនុញ្ញ ដើម្បីដោះស្រាយវិវាទគតិយុត្ត និងធានាសង្គតិភាព នៃការអនុវត្តច្បាប់ ឆ្លើយតបទៅនឹងតម្រូវការចាំបាច់ជាក់ស្តែង នៃការធានាសន្តិសុខគតិយុត្ត និងឯកសណ្ឋានភាពឬឯកភាពនៃការអនុវត្តច្បាប់។ ទន្ទឹមនេះ, គណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ និងក្រសួង ស្ថាប័នពាក់ព័ន្ធទាំងអស់ ត្រូវ សហការរៀបចំនិងដាក់ឱ្យដំណើរការគណៈកម្មាធិការជាតិភាសាច្បាប់ ដើម្បីធានាសង្គតិភាព និងឯកភាព នៃការប្រើប្រាស់ពាក្យច្បាប់ និងភាសាច្បាប់ ទាំងសម្រាប់នីតិសាមញ្ញ និងនីតិវិសេស។
ទី៣-គ.ក.ច. ត្រូវចាត់ចែងរៀបចំនិងដាក់ឱ្យអនុវត្ត នូវមគ្គទេសក៍នៃសិល្បសាស្រ្ត នីតិកម្ម ឬនីតិនិពន្ធវិទ្យា (Guide de Légistique) និងមគ្គទេសក៍ នៃក្រមូបនីយកម្ម ឬនីតិក្រមវិទ្យា (Guide de Codistique) ដើម្បីធានាសង្គតិភាព និងប្រសិទ្ធភាព នៃការពិនិត្យ លើការតាក់តែងខ្លឹមសារច្បាប់និងលិខិតបទដ្ឋានគតិយុត្ត ដែលរៀបចំព្រាងដោយក្រសួង ស្ថាប័នជំនាញ និងចងក្រង ជាកម្រងច្បាប់ ឬនីតិក្រម ទៅតាមវិស័យច្បាប់ជំនាញនីមួយៗ ប្រកបដោយតក្កវិជ្ជាគតិយុត្ត និងនវានុវត្តន៍នីតិសាស្រ្ត (Legal innovation)។
ទី៤- គ.ក.ច. ត្រូវដឹកនាំធ្វើឌីជីថលូបនីយកម្មប្រព័ន្ធនៃការតាក់តែង ចងក្រង និងផ្សព្វផ្សាយលិខិតបទដ្ឋានគតិយុត្ត ដោយប្រើប្រាស់ បច្ចេកវិទ្យាឌីជីថល (ទម្រង់ទន់)។
ដើម្បីទទួលបានព័ត៌មានពីគណៈកម្មការដឹកនាំការកែទម្រង់ច្បាប់ សូមចូលរួមតាមរយៈតំណរខាងក្រោម៖